ព័ត៌មាន
សម្តេច ឃួន សុដារី៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរ និងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយឋាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូតវិសាម្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។
សម្តេចប្រធានរដ្ឋសភា បានគូសបបញ្ជាក់ថាជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិនិងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។

សូមជម្រាបថា ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងឯកឧត្តម ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋ និងប្រទេសជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជានិច្ច។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។
សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។

ឯកឧត្តម កុយ គួង តំណាងឯកអគ្គរាជទំាងបួនរូប បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកផ្តល់ឱកាសជូនឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលានិងទទួលអនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិនិងប្រជាពលរដ្ឋ។
ឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបំពេញបេសកមម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះនឹងខិតខំផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសផ្សារខ្ជាប់សុខទុក្ខជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា ដែលឯកឧត្តម លោកជំទាវ ត្រូវបំពេញបេសកកម្មការទូតឱ្យបានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់៕






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា