Connect with us

ព័ត៌មាន

GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន GS25 ដែលជាម៉ាកយីហោហាងលក់ទំនិញម៉ាតរបស់សាធារណរដ្ឋកូរ៉េ និងដំណើរការដោយក្រុមហ៊ុន GS Retail បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនកំពុងឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ (Master Franchise) ជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន META Retail ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ និងការពិនិត្យរួមគ្នា អស់រយៈពេលមួយឆ្នាំរវាងក្រុមហ៊ុនទាំងពីរ។ ក្រុមហ៊ុន GS25 បើកសាខាគោលដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយនឹងគោលដៅពង្រីកសាខាឱ្យបាន ៥០០ ហាងនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុនបានចង្អុលបង្ហាញពីការកើនឡើងនៃអំណាចទិញរបស់អ្នកប្រើប្រាស់ និងចំនួនប្រជាជនវ័យក្មេង ថា ជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការសម្រេចចិត្តនេះដែលជាក្រុមអតិថិជននិយមទិញទំនិញនៅតាមហាងលក់ទំនិញក្នុងផ្សារទំនើបច្រើនជាងគេ។

សាខាដំបូងនេះមានទំហំជាង ៣០០ ម៉ែត្រការ៉េ និងមានដាក់លក់ផលិតផលប្រមាណ ៣,០០០ មុខ។ ផលិតផលទាំងនោះ រួមមាន ម៉ាកយីហោផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនគឺ យូអឺស (YOUUS) និង Real Price ក៏ដូចជា គ្រឿងសំអាងកូរ៉េ ម៉ាក Son&Park ជាដើម។ ចំណែក ជម្រើសអាហារដ៏សម្បូរបែប​នៅក្នុងហាង រួមមាន កាហ្វេឆុងថ្មីៗ អាហារតាមផ្លូវបែបកូរ៉េ អាហារសម្រន់កូរ៉េ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ និងរូបរាងទាក់ទាញ។ ជាមួយគ្នានេះ ហាងក៏មានផ្តល់ជូននូវអាហារដែលរៀបចំរួចជាស្រេច អាចទទួលទានបានភ្លាមៗ ព្រមទាំង អាហារវេចខ្ចប់ដែលងាយស្រួលយកតាមខ្លួន ដូចជា សាមកាក់គីមបាប់ (Samgak Gimbap) គីមបាប់ សាំងវិចបែបកូរ៉េ បាយប្រអប់បែបកូរ៉េ តុកបុកគី (Tteokbokki) និងស៊ុបអូមុក (Eomuk)។

ទីតាំងនេះត្រូវបានរចនាឡើងដើម្បីក្លាយជាកន្លែងជួបជុំសង្គមដែលបើកដំណើរការ ២៤ ម៉ោង ដោយរួមបញ្ចូលគ្នាជាមួយនឹងគំនិត ហាងកាហ្វេបែបស៊ីវិល័យ ដែលផ្តោតលើអតិថិជនក្នុងស្រុកដែលជាយុវវ័យជំនាន់ Gen Z និងអ្នកធ្វើការវ័យក្មេង។

ស្របពេលទីផ្សារហាងលក់ទំនិញងាយស្រួលនៅប្រទេសកូរ៉េកំពុងឈានដល់កម្រិតពេញលេញ ការពង្រីកខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសគឺជាជំហានបន្ទាប់ដ៏សមហេតុផលសម្រាប់ក្រុមហ៊ុន GS25។ វត្តមានម៉ាកយីហោនេះត្រូវបានរំពឹងថា នឹងនាំមកនូវបទពិសោធន៍ហាងលក់ទំនិញងាយស្រួលនៅក្នុងប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀត។

ក្រុមហ៊ុន GS Retail Co., Ltd. គឺជាក្រុមហ៊ុនលក់រាយរបស់ប្រទេសកូរ៉េខាងត្បូង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន GS Group ដែលមានទីស្នាក់ការកណ្តាលនៅអគារ GS Tower ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ហាង GS25 ដែលត្រូវបានរំពឹងថានឹងមានសាខាសរុបប្រមាណ ២០,០០០ ហាងនៅទូទាំងប្រទេសកូរ៉េខាងត្បូងត្រឹមចុងឆ្នាំ២០២៦។

ក្រុមហ៊ុន META Retail Co., Ltd. គឺជាអ្នកគ្រប់គ្រងសិទ្ធិផ្តាច់មុខមេរបស់ GS25 នៅក្នុងប្រទេសកម្ពុជា ដោយជំរុញកំណើន និងការពង្រីកខ្លួនរបស់ម៉ាកយីហោនេះនៅក្នុងទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយសមត្ថភាពដ៏រឹងមាំលើខ្សែច្រវាក់ផ្គត់ផ្គង់ ទីផ្សារ និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រតិបត្តិការ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការរក្សាបុគ្គលិក រួមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួនផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia