Connect with us

ព័ត៌មាន

ទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង

មណ្ឌលគិរី៖ ទឹកធ្លាក់ជីអាំង ដែលមានទីតាំងស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្ត​មណ្ឌ​ល​គិរី គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវទេសចរ មិនគួរមើលរំលង ពេល​ទៅ​លេង​ខេត្ត​មណ្ឌលគិរី ហើយគួរនាំគ្នាទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីព និង​សំពះ​ព្រះខែ អកអំបុក ហើយក៏ជាការជួយដល់ប្រជាសហគមន៍ ដែលភាគច្រើន​ជា​ជនជា​តិ​ដើម​ភាគ​តិច។

លោក សាគុណ ជុ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង បានឲ្យដឹងថា ទីតាំង​ទេសចរណ៍​ធម្មជាតិមួយនេះ មានអំណោយផលផ្នែកទេសចរណ៍ច្រើនយ៉ាង ដូច​ជា​មាន​ផ្ទាំង​ថ្ម​តូច​ធំ​ងាយ​ស្រួលអង្គុយលេង មានត្រីធម្មជាតិ ព្រៃឈើ ភ្នំ ជាពិសេសមានទឹកធ្លាក់យ៉ាងត្រជាក់ ដែល​អាច​ឲ្យភ្ញៀ​វងូតទឹកលេងកម្សាន្តបាន ។

លោកបានបន្តថា សម្រាប់សេវាកម្មទេសចរណ៍វិញ គឺសហគមន៍មានរៀបចំកញ្ចប់សេវាដូចជា ផ្ទះស្នាក់ សេវាកម្មម្ហូបអាហារ ការនាំភ្ញៀវដើរលេង លក់ផលិតផល ឬវត្ថុអនុស្សាវរីយ៍ ការ​ជួល​សម្ភារ​ទេសចរណ៍ និងការសម្ដែងរបាំប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដែល​រស់​នៅ​ក្នុង​តំបន់​នេះ​។

ប្រធានសហគមន៍ បានសង្កត់ធ្ងន់ថា ការទៅលេងកម្សាន្តនៅទីតាំងទេសចរណ៍នេះ គឺមិន​ត្រឹម​តែ​ជួយ​សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមការពារបរិស្ថាន ព្រៃឈើ សត្វព្រៃ និង​ធន​ធាន​ធម្ម​ជាតិផ្សេងៗ ព្រោះបើកាលណាប្រជាសហគមន៍មានការងារធ្វើ និង​មាន​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យទេសចរណ៍ ពួកគាត់ក៏លែងចូលព្រៃ ប្រព្រឹត្តិបទល្មើសព្រៃឈើទៀតហើយ។

លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគីរី មាន​សហគមន៍​ធំ​ៗ​ចំនួន៣ ក្នុងនោះមានសហគមន៍ការពារធនធម្មជាតិ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ​និងសហគមន៍ទេសចរណ៍ធម្មជាតិ ។ ហើយសម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិ មាន​ដូច​ជា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិជីអាំង និង​សហគមន៍​ទេសចរណ៍ភ្នំណាមលា ខណៈនៅតំបន់ទឹកធ្លាក់ជីអាំង នៅ​មាន​លក្ខណៈ​បែប​ធម្មជាតិ​ច្រើន​។

លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកស្ទួយជីវភាពសហគមន៍នៃអង្គការ WCS បានលើក​ឡើង​ដែរ​​​​​ថា អង្គការ WCS បានចូលរួមគាំទ្រការអភិវឌ្ឍសហគមន៍នេះតាំងពីឆ្នាំ២០០៣ តាម​រយៈ​ការ​រៀបចំ​ចង​ក្រងក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងជួយបង្កើត​ឯកសារ​គតិយុត្ត​ដែល​ទទួល​ស្គាល់​ដោ​យ​អាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។

លោកបានបន្តថា WCS ក៏បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ដល់​សមាជិក​សហគមន៍​លើ​ការ​រៀបចំ​សេវា​កម្ម​ទេសចរណ៍ ម្ហូបអាហារ និងការពង្រឹងសមត្ថភាពគ្រប់គ្រង ដើម្បីឱ្យសហគមន៍​អាច​ដំណើរ​ការ​សេវាកម្មទេសចរណ៍ដោយខ្លួនឯងនាពេលអនាគត។ ក្រៅពីនេះគម្រោង​បាន​ជួយ​កែ​លម្អ​ហេដ្ឋា​រចនាសម្ព័ន្ធមួយចំនួន រួមមាន៖ ផ្លូវចូល កញ្ចុះសម្រាប់អង្គុយ ផ្ទះបាយ បន្ទប់​ទឹក​បែប​ធម្មជាតិ ​និងផ្ទះស្នាក់នៅចំនួន ២ខ្នង ដែលបំពាក់​ដោយ​សម្ភារៈ​សម្រា​ប់​ស្នាក់​នៅ​ និង​ប្រព័ន្ធ​ភ្លើង​សូឡា​។ ហើយការអភិវឌ្ឍសហគមន៍ទេសចរណ៍នេះ បានរួមចំណែកកាត់បន្ថយការបរបាញ់សត្វ និងការកាប់បំផ្លាញព្រៃឈើ ព្រមទាំង​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ប្រភព​ចំណូល​បន្ថែម​ពី​សេវា​កម្ម​ទេសចរណ៍។

គួរបញ្ជាក់ដែរថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មានសេវា​កម្ម​ទេសចរណ៍​ដូចជា៖ ផ្ទះ​ស្នាក់​នៅ, ម្ហូបអាហារ សេវាដឹកជញ្ជូនតាមម៉ូតូ និងគោយន្ត និងសេវាវប្បធម៌ ប្រពៃណីជន​ជា​ដើម​ភាគតិច៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia