ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារនៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកបដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក ចំពោះលោកតា លោកយាយ អុំ ពូ មីង កូនក្មួយ ដែលធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ដ ព្រោះតែទឹកចិត្ដព្រហ្មវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌នៅកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ។
ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសាសន៍ប្រកបដោយសេចក្ដីសណ្ដោះប្រណីពោរពេញដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ។
ការសំណេះសំណាលប្រកបដោយអត្ថន័យ ចេញពីបេះដូងរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង ព្រោះតែការបង្ហាញវត្តមានរបស់មាតាមនុស្សធម៌ ជាញឹកញាប់ជាមួយប្រជាពលរស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានក្ដីស្រលាញ់ អាណិត មេតា្ដ ជួយយកអាសារ និងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរហូតមក ពិសេសវត្ដមានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ។
ក្នុងឱកាសនោះប្រជាពលរដ្ឋដែលទទួលបានការជួយសម្រាលការលំបាកពីអ្នកម្ដាយមនុស្សធម៌មនុស្ស បានលើកដៃប្រណម បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយតាមថែរក្សាអ្នកម្ដាយមនុស្សធម៌ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានគុណដ៏មហាសាល មានសុខភាពល្អ បរិបូរណ៌ បន្ដដឹកនាំការងារមនុស្សធម៌ ជួយសង្គ្រោះ និងសម្រាលការលំបាកដល់ប្រជាជនដែលងាយរងគ្រោះបំផុតគ្រប់រូបភាពនៅកម្ពុជា ដោយមិនប្រកាន់ពណ៌សម្បុល ពូជសាសន៍ និងនិន្នាការនយោបាយអ្វីទាំងអស់ ។
គួររម្លឹកថា កាកបាទក្រហមកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មានការស្ងប់ស្ងែងពី ការលះបង់ និងគិតគូរគ្រប់ជ្រកល្ហក ពិសេសរាល់ជនងាយរងគ្រោះបំផុត ដូចជា លោកតា លោកយាយ ចាស់ជរាឥតទីពឹង ក្មេងកំព្រារ ស្ដ្រីមេម៉ាយកូនច្រើន ដែលងាយរងបំផុតនេះ អ្នកម្ដាយមនុស្សធម៌ តែងតែចុះជួយសម្រាលការលំបាកភ្លាមដោយមិនបង្អង់យូរ ទោះនៅតំបន់ទីជនបទដាច់ស្រាយាលដូចម្ដេចក្ដី ជាក់ស្ដែងដូចថ្ងៃនេះ គឺអ្នកម្ដាយមនុស្សធម៌ បានធ្វើដំណើរសែនឆ្ងាយពីរាជធានីភ្នំពេញ មកជួបសំណេះសំណាល ដើម្បីដឹងពីសុខទុក្ខដោយផ្ទាល់របស់កូនចៅប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្ដឧត្ដរមានជ័យ។
សម្រាប់អំណោយមនុស្សធម៌ ដែលទទួលបានពីការជួយរបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធពិធិខួបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា បានយកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅថ្ងៃនេះរួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ (១យូរស្មើនឹង ១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យូរ(១យួរស្មើនឹង៦ដប), ប្រេងឆា១ដបចំណុះ ១.៩លីត្រ, សាប៊ូកក់សក់ ១ដបធំ, ស្ករស ១គីឡូក្រាម, ឃីត១ (មានសារុង ក្រមា មុង ភួយ), នំប័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល៕








-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
PR NEWS21 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)