Connect with us

កីឡា

អត្តពលកម្មកម្ពុជាចំនួន ៣រូប ត្រៀមប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកលវិទ្យាល័យ​អាស៊ាន​ នៅប្រទេសម៉ាឡេស៊ី

ក្រុមអត្តពលកម្មកម្ពុជាចំនួន៣រូប កំពុងសម្រួចការហ្វឹកហាត់យ៉ាងសកម្ម ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២២ ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ផ្តើម​ពីថ្ងៃទី១០ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាំពួ ប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័​ន្ធ​ខ្មែរ​អត្ត​ពលកម្ម​បានឱ្យដឹងថា កីឡាករ កីឡាការិនី ទាំង៣រូបនេះ សុទ្ធតែមាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត និង​ជា​ក្រុមជម្រើសជាតិ កំពុងប្រមូលផ្តុំហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីបង្កើនសមត្ថភាព និង​ត្រៀម​ខ្លួន​ឱ្យ​បានល្អសម្រាប់ការប្រកួតខាងមុខ។

លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាអត្តពលកម្មកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការចូលរួមប្រកួត និងការហ្វឹកហាត់។ ដូច្នេះតាមរយៈការត្រៀមខ្លួន និងសមត្ថភាពរបស់អត្តពលិកនាពេលបច្ចុប្បន្ន កីឡាករ កីឡាការិនីកម្ពុជានឹងមានឱកាសប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា អត្តពលកម្មកម្ពុជា គ្រោងនឹងបញ្ជូន ប្រតិភូ១រូប និងកីឡាករ កីឡាការិនីចំនួន៣រូបទៅចូលរួមការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២២  ដោយចូលរួមប្រកួតលើវិញ្ញាសាចំនួន ៥ រួមមាន វិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រនារី វិញ្ញាសារត់ល្បឿនបុរស ព្រមទាំងវិញ្ញាសាចោលដុំដែក និងចោលថាសនារី។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia