ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាម អបអរសាទរចំពោះការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានលក្ខណៈទំនើប និងខ្នាតធំ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥ ក្នុងពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងវាយតម្លៃខ្ពស់អំពីការជួបប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ នៅពេលមានការបំពេញបេសកកម្មការទូតសភា នៅលើឆាកអន្តរជាតិ តែងតែមានការផ្លាស់ប្តូរគ្នាពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។
ថ្នាក់ដឹកនាំប្រធានរដ្ឋសភាទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទំាងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទំាងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទំាងកម្រិតទ្វេភាគីនិងពហុភាគី។ វៀតណាមបានជួយដល់ការរំដោះប្រទេសកម្ពុជាចេញពីរណ្តៅមរណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យនិងការបង្រួបបង្រួមជាតិវៀតណាម កាលពី៥០ឆ្នាំមុន។
ជាមួយគ្នានេះ ឯកឧត្តម ជិន ថាញ់មិន បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញ ចូលរួមអបអរសាទរទិវាខួបឯករាជ្យជាតិវៀតណាម លើកទី៨០ កាលពីដើមខែកញ្ញានេះ។
ឯកឧត្តមបានបញ្ជាក់ថាទំនាក់ទនងល្អនៃប្រទេសទំាងពីរបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង ដែលជាបច្ច័យនាំឱ្យទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានការកើនជាលំដាប់។ ឯកឧត្តមក៏បានអបអរសាទរចំពោះការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានលក្ខណៈទំនើបនិងខ្នាតធំ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភា ពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន ដើម្បីដាក់ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ រួមមាន ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ដែលមានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។
សម្តេចរដ្ឋសភាធិបតី បានបន្តថាសេចក្ដីព្រាងសេចក្ដីសម្រេចមួយទៀតស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងមជ្ឈភាពអាស៊ានដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ កម្ពុជាប្រកាន់យកនូវគោលការណ៍សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការមានស្រាប់ សំដៅធ្វើយ៉ាងណា ឱ្យបញ្ហាព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមិនត្រឹមសម្រាប់ពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ពលរដ្ឋនៅក្នុងតំបន់ទំាងមូលផងដែរ៕









-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ