ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «សុវត្ថិភាពអ្នកជំងឺ ត្រូវមានចាប់ផ្តើមតាំងពីថ្ងៃដំបូង! យើងរួបរួមគ្នា ដើម្បីធានាថាមាតា ទារក និងកុមារ គ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព!»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញក្នុងពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ទារកទើបនឹងកើត និងកុមារគ្រប់រូប» (Safe Care for Every Newborn and Every Child)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពកុមារ ទារកទើបនឹងកើត និងមាតា ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (សុខភាពល្អ និងសុខុមាលភាព ដោយកំណត់គោលបំណង “នៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ”)។ ដោយសុវត្ថិភាពគឺជាអ្វីដែលអាចចៀសវាងបាន ការពារបាន សម្រួលបានពុំឱ្យកើតមានជាញឹកញាប់ និងកាត់បន្ថយដំណើរការមិនចាំបាច់ដែលបង្កឱ្យមានភាពខុសឆ្គង។ ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ត្រូវបានបង្កើតឡើងដោយសន្និបាតសុខភាពពិភពលោក (World Health Assembly) ក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងសកម្មភាពនៃសុវត្ថិភាពអ្នកជំងឺ។ ការប្រារព្ធទិវានៅថ្ងៃនេះ ក្រោមពាក្យស្លោក «សុវត្ថិភាពអ្នកជំងឺត្រូវមាន ចាប់ផ្តើមតាំងពីថ្ងៃដំបូង!» ដើម្បីពង្រឹងសុវត្ថិភាព ក្នុងពេលសម្រាលកូន ការថែទាំក្រោយសម្រាល ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ ការការពារការចម្លងមេរោគ និងការរកឃើញបញ្ហាគ្លីនិកឱ្យបានទាន់ពេល។
ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាពជាបន្តបន្ទាប់ គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលសុខភាពប្រកបដោយសមធម៌។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនដល់អង្គពិធីទាំងមូល ដើម្បីជាមាគ៌ាសម្រាប់អនុវត្ត ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ។
ជាទីបញ្ជប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ប្រទេសជប៉ុនក្នុងការគាំទ្រ វិស័យសុខាភិបាលកម្ពុជា ជាពិសេសការជួយទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង និងការគាំទ្ររបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមគ្នាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ