ព័ត៌មាន
ក្រសួងបរិស្ថានប្រកាសរកឃើញសត្វម្រើមព្រះចំនួន៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត
ក្រសួងបរិស្ថាននិងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា ហើយពិភពលោកមិនទាន់មានវត្តមាន ពិតជាមោទនភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ការរកឃើញនេះ បានបង្ហាញពីកិច្ចសហការ និងទាក់ទាញបន្ថែមការសិក្សាស្រាវជ្រាវ និងអ្នកទេសចរណ៍ ចាប់អារម្មណ៍លើធនធានធម្មជាតិនិងជីវៈចម្រុះរបស់កម្ពុជា ដែលកំពុងត្រូវបានការពារ និងអភិរក្ស ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ និងមូលដ្ឋានយ៉ាងសំខាន់។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានរំលឹកថារបកគំហើញថ្មី បានចូលរួមជំរុញការបង្កើនយុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្តម្ភទី២ បានចង្អុលបង្ហាញ«ភាពបៃតង» ដែលមានអាទិភាពសំខាន់ៗ ក្នុងនោះការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ១០០% ការសហកាពីភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចគ្រប់ប្រភេទ ដើម្បីពង្រឹងការគ្រប់គ្រធនធានធម្មជាតិ រួមទាំងការជួយគាំទ្រទាំងសម្ភារ បច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យា ផែនទីផ្កាយរណប ផែនទីតំបន់ការពារ និងការប្រើប្រាស់ដ្រូន ជាដើម្ ដើម្បីជួយដល់ការពង្រឹងការអនុវត្តច្បាប់ និងគ្រប់គ្រងតំបន់ការធម្មជាតិ។ លើសពីនេះ ក្រសួងបរិស្ថាន បានកំពុងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ ដាំស្តារព្រៃ បង្កើនគម្របបៃតង និងការចូលរួមអភិវឌ្ឍន៍សហគមន៍នៅតាមតំបន់ការពារធម្មជាតិ តាមរយៈការបង្កើតជម្រើសមុខរបរថ្មី ក្នុងនោះគោលដៅលំហែបៃតង ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ។
សូមបញ្ជាក់ថា ការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទនេះ បានបង្កើនចំនួនប្រភេទម្រើមព្រះក្នុងពួក Orthomorpha ពីចំនួន០៣ប្រភេទ ឡើងទៅចំនួន០៦ប្រភេទ នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហាញពីភាពសម្បូរបែបនៃប្រភេទផងដែរ។ លើសពីនេះរបកគំហើញថ្មីនេះ ក៏បញ្ជាក់ពីសារសំខាន់នៃការការពារតំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា ដែលជាជម្រកប្រភេទជីវៈចម្រុះសំខាន់ៗ ដែលអ្នកជំនាញអាចមានឱកាសរកឃើញនូវប្រភេទថ្មីសម្រាប់ពិភពលោកបន្ថែមទៀត។
តំបន់ទេសភាពភ្នំថ្មកំបោរ ត្រូវតែមានការការពារនិងអភិរក្សឱ្យបានល្អថែមទៀត ដែលវាពិតជាចាំបាច់មិនត្រឹមតែសម្រាប់ការការពារជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបេតិកភណ្ឌវប្បធម៌សំខាន់ៗផងដែរ។





-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ