ព័ត៌មាន
កម្ពុជាទាត់ចោលចំពោះការលើកឡើងរបស់ថៃដែលចោទថាអ្នកភូមិព្រៃចាន់កម្ពុជាបានទន្រ្ទានលើទឹកដីថៃ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការទាត់ចោលចំពោះការលើកឡើងរបស់ភាគីថៃ ដែលបានចោទប្រកាន់ប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានចូលទន្រ្ទានលើទឹកដីខ្លួន ខណៈក្រសួងការបរទេសកម្ពុជាចាត់ទុកថាការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ពីសំណាក់ទាហានថៃនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាសូមទាត់ចោលចំពោះអ្នកនាំពាក្យក្រសួងបរទេសថៃ ដែលបានអះអាងថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។
ក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅភាគីថៃថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់ មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពិសេសនៅក្នុងអំឡុងពេលបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះ គឺជារឿងគួរឱ្យបារម្ភជាខ្លាំង។ ជាការចាំបាច់ ដែលត្រូវបញ្ជាក់ផងដែរថា សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ ពោលគឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០០ (MOU 2000)មកម្លេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា«ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ»។ ក្រសួងការបរទេសកម្ពុជា ក៏បានរំលឹកទៅភាគីថៃផងដែរថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគា្នលើទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៤២ ដែលមានភូមិព្រៃចាន់ស្ថិតនៅចន្លោះនោះទេ។ ដូច្នេះវាជារឿងបំភ្លៃបំភ័ន្តយ៉ាងជាក់ស្ដែង ដែលមានការចេញផ្សាយនូវផែនទីផ្តល់ព័ត៌មានបង្ហាញនូវគំនូសខ្សែបន្ទាត់ព្រំដែនលាតសន្ធឹងពីបង្គោលព្រំដែន លេខ៤៣ ដល់បង្គោលលេខ៤២ ដើម្បីធ្វើជាទឡ្ហីករណ៍សំអាងថាឧប្បត្តិហេតុហិង្សាលើបាតុករបានកើតឡើងនៅក្នុងទឹកដីថៃ។
យ៉ាងណាក៏ដោយក្រសួងការបរទេសកម្ពុជា នៅតែអំពាវនាវយ៉ាងទទួចឲ្យភាគីថៃដោះស្រាយ បញ្ហាតំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការប៉ុនប៉ង អនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាមរយៈការប្រើកម្លាំងបណ្ដេញអ្នកភូមិកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ក្នុងខែសីហា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ ដូចដែលបានអះអាង និងតាមរយៈ ការបញ្ឈប់នូវផែនការបណ្ដេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្ដេញចេញរួចហើយត្រឡប់ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាព្រំដែន។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះរាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្ដេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ