ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន
តាមរយៈជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ភាកីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្មហាឡាល់, វិស័យទេសចរណ៍ និងកសិកម្មជាដើម។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចធិបតីបង្ហាញការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។
តាមរយៈជំនួបនេះ សម្តេចធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីពិភាក្សាគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។
ក្នុងឱកាសខាងលើ សម្តេចបវរធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕



-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង