ព័ត៌មាន
កម្ពុជា អំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសការរំលោភបំពានកិច្ចព្រមព្រៀងសន្ដិភាពរបស់យោធាថៃ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរបស់យោធាថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
អ្នកនាំពាក្យគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាកម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ