ព័ត៌មាន
ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិងកំពុងបើកដំណើរការនៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរកម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេសមានស្ថានទូតតាមប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។
លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្តោតការយកចិត្តទុកដាក់ សម្របសម្រួលឲ្យស្ថានទូតតាមប្រទេសនានា រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបុណ្យជាតិ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បណ្តាប្រទេស នៅតាមផ្លូវថ្មើជើងចតុមុខនោះ ដែលការងារនេះ គឺបានរួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យទេសចរអន្តរជាតិតាមប្រទេសនានានោះ ស្គាល់កម្ពុជា និងនាំគ្នាមកទស្សនាកម្ពុជាកាន់តែច្រើន។
លោក បន្តថា ក្នុងឆ្នាំ២០២៦នេះ សំគាល់ឃើញថា មានស្ថានទូតបណ្តាប្រទេសជាច្រើនប្រចាំនៅកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា ស្ថានទូតចិន ស្ថានទូតឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសៅរ៍ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នះទៀត គឺមានស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលអាមេរិច នៅផ្លូវថ្មើជើងចតុមុខនេះដែរ ដោយមានរៀបចំដង្ហែរក្បួនស៊ីក្លូ របស់ក្រុមដន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិច U.S Air force Pacific Brass Band ផងដែរ។
លោក អាន សីហា បន្តថា មកដល់បច្ចុប្បន្ន ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងរក្សាកំណើនទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលដើរកម្សាន្តប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ នៅថ្ងៃចុងសប្តាហ៍ ដែលស្ថានភាពនេះបង្ហាញថា ពលរដ្ឋម្នាក់ៗ មានចំណូលល្អប្រសើរ នាំគ្នាចេញដើរកម្សាន្តចំនួនច្រើនដង ច្រើនសារ ក្នុងមួយខែៗ និងរួមចំណែកធ្វើឲ្យគោលដៅទេសចរណ៍រាជធានីភ្នំពេញ ទទួលបានកំណើនទេសចរជាតិ អន្តរជាតិ កើនឡើងជាលំដាប់ពីមួយខែ ទៅមួយខែ៕ អត្ថបទ៖ ស៊ុម សុខជា






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦