ព័ត៌មាន
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
កូនឈើប្រមាណមួយម៉ឺនដើមមានជាង២០ប្រភេទ ត្រូវបានប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំនៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះ រៀបចំឡើងដោយ មូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុនប្រមាណ១០០០នាក់។

លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន មានប្រសាសន៍ថា គម្រោងដាំកូនឈើនេះអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។លោកថា ការដាំកូនឈើលើកទី១នៅឆ្នាំ២០២៥ មានអ្នកចូលរួមជាង៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា និងលើកទី២ មានចំនួន១០,០០០ដើមនេះ មានអ្នកចូលរួមប្រមាណ១០០០នាក់។
លោកបន្ដថា មូលនិធិនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែប ដល់មនុស្សជំនាន់ក្រោយ។ ការដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនេះ ក៏មាននៅតាមតំបន់ផ្សេងៗគ្នាទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក រួមមាននៅប្រាសាទចៅស្រីវិបុល និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និងនៅទីតាំងផ្សេងៗទៀត។ មូលនិធិបរិស្ថានអ៊ីអនដែលបានបង្កើតឡើងតាំងពី៣៦ឆ្នាំមុនផ្តោតលើការការពារបរិស្ថាន ដោយបានដាំកូនឈើលើសពី១២,៨៧ លានដើម នៅទូទាំងពិភពលោក ដើម្បីការពារបរិស្ថាន ស្ដារព្រៃឈើឡើងវិញ និងអភិរក្សជីវចម្រុះ ។ជាមួយគ្នានេះ មូលនិធិអ៊ីអន មានការគាំទ្រមណ្ឌល អវយវៈសិប្បនិម្មិត នៅខេត្តបាត់ដំបង ការផ្តល់សាលារៀន ១៥១ខ្នង ការបរិច្ចាគសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ និង យុទ្ធនាការយុទ្ធនាការទឹកស្អាត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំកូនឈើលើកទី២នេះ ជាសក្ខីភាពបន្ថែមអំពីគំរូនៃ វិស័យឯកជនជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍អាទិភាព នៃកិច្ចការអភិរក្សអង្គរ ដែលក្នុងនោះ ការបន្តដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់ គឺជាអភិក្រមការងាររបស់យើងខ្ញុំ។ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណរាប់រយនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព ការស្តារ និងលើកតម្លៃប្រព័ន្ធធារាសាស្ត្របុរាណ ធនធានធម្មជាតិ ដើម្បីជាអត្ថប្រយោជន៍ដល់ការអភិរក្សប្រាសាទបុរាណ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកផងដែរ។
លោកជំទាវបន្ថែមថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃបានប្រមាណ៣លានដើម ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការស្តារគម្របព្រៃឈើឡើងវិញ ជាមួយក្រុមហ៊ុន AEON កាលពីពេលកន្លងទៅ និងថ្ងៃនេះផងដែរ។ លោកជំទាវបានលើកថា នៅក្នុងតំបន់អង្គរនេះ ដើមឈើក្រៅពីតួនាទីក្នុងការទាក់ទាញទឹកភ្លៀង រក្សាប្រភពទឹកក្រោមដី ស្របឧស្ម័នកាបូនិចបំប្លែងចេញជាឧស្ម័នអុកស៊ីសែន និងផ្តល់ជាម្លប់ ជាប្រយោជន៍ សម្រាប់ប្រជាសហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើមឈើក៏បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ប្រាសាទបុរាណផងដែរ ដោយសារ ប្រាសាទបុរាណខ្មែរសាងសង់លើគ្រឹះដែលជាដីខ្សាច់ ត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលព័ទ្ធជុំវិញ ដើម្បីចិញ្ចឹមគ្រឹះប្រាសាទឱ្យមានសំណើម មានលំនឹង ចៀសវាង ការបាក់ដួលរលំ។ដើមឈើក៏ជួយជារនាំងការពារក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរីករួមពុកផុយនៃថ្មប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ដើមឈើ និងផ្ទៃបៃតង គឺជាតម្លៃនៃទេសភាពវប្បធម៌ ជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បានពីតម្លៃលេចធ្លោជាសកលរបស់អង្គរ៕







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦