Connect with us

ព័ត៌មាន

កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាថ្មីចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន​។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បញ្ជាក់ជាថ្មីជូនជនរួមជាតិ អំពីស្ថានការណ៍​វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ នៅថ្ងៃទី៥ ខែកក្កកដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន​។ ការតវ៉ានេះ​ធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000)។

រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានលើកឡើងខាងលើនោះទេ ប៉ុន្តែ ថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ២០២៥មក។ កម្ពុជាសូមបញ្ជាក់ថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែងនៃជម្លោះព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការ​នូវគ្រប់ចំណុចទាំងអស់​ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យ​ភាព បូរណភាពទឹកដី​កម្ពុជាពីសំណាក់កងកម្លាំងថៃ​។ ការតវ៉ានេះមានសារសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាត​នូវ​ការរំលោភឈ្លានពាន។ ឯកសារតវ៉ាជាផ្លូវការនេះ​ក៏មានតម្លៃគតិយុត្តមិនអាចខ្វះបាន​ដើម្បីដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ​ និងជួយរក្សាអាជ្ញាយុកាល​នៃវិវាទឱ្យស្ថិតនៅជាធរមាន​រហូតទាល់តែមានដំណោះ​ស្រាយជាស្ថាពរ។

ទន្ទឹមនឹងការតវ៉ានេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក៏បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជូនប្រធាន និងតំណាងប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន៤២រូប។ បទបង្ហាញនេះធ្វើឡើងក្នុងគោលបំណងបង្ហាញព័ត៌មាន​ពិតជូនដល់អ្នកការទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា​ឱ្យបានជ្រាបដោយផ្ទាល់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជាថៃ។

ក្រៅពីធ្វើបទបង្ហាញជាញឹកញាប់នៅឯទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែ​សម្របសម្រួលឱ្យ​អង្គទូត និងតំណាងអង្គការអន្តរជាតិ​ទាំងនោះទៅទស្សនកិច្ច​ដោយផ្ទាល់នៅទីតាំងដែលកងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជាថៃជាញឹកញាប់ដែរ។ ពួកគេគែជាសាក្សីផ្ទាល់ភ្នែក​ដ៏សំខាន់ចំពោះអ្វីដែលបានកើតឡើង។

ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនសាធារណជនជ្រាបជាថ្មីម្តងទៀតអំពីជំហរ​ម៉ឺងម៉ាត់ និងឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនថា៖ ក្នុងនាម​ប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្ត​យ៉ាងម៉ឺងម៉ាត់នូវ​បទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់​នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃ។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia