ព័ត៌មាន
ពលរដ្ឋខេត្តកំពង់ចាមទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃពីគ្រូពេទ្យនៃវិទ្យាស្ថានភ្នែកនេប៉ាល់
ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ បានទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃជូនពលរដ្ឋខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទីលុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ០៤ខែ កក្កដាឆ្នាំ២០២៦នៅមន្ទីរពេទ្យបងឯកខេត្តកំពង់ចាម។
នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការរៀបចំពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយថវិការបស់បងប្អូនបានមួយកម្រិតធំ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ ព្រមទាំងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា នាំយកនូវសេវាសុខាភិបាលដ៏មានសារៈសំខាន់នេះមកជូនប្រជាពលរដ្ឋខេត្តកំពង់ចាម។
ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកលំដាប់ខ្ពស់ពីរប្រទេសនេប៉ាល់មកកាន់ខេត្តកំពង់ចាមនាពេលនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ (នេប៉ាល់-កម្ពុជា) ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ៕










-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព