ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង ៨០០នាក់ នៅទីរួមខេត្តព្រះវិហារ។

ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវា តម្រូវការ និងសេវាចាំបាច់នានា ដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់ ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោ ជំរុញឲ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសឆបោកបច្ចេកវិទ្យា ជំរុញអោយមូលដ្ឋានគាំទ្រការប្រមូលចំណូលចូលជាតិ ពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើ រត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ។ ណែនាំថ្នាក់មូលដ្ឋានបន្តយកចិត្តទុកដាក់ចំពោះអតីត យុទ្ធជន និវត្តជន និងដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការ និងពង្រឹងការពារធនធានធម្មជាតិដែលលមាននៅមូលដ្ឋាន និងទប់ស្កាត់រាល់បទល្មើស ឬការទន្ទ្រានខុសច្បាប់នានា។

សម្តេចតេជោ បានក្រើនរំលឹកដល់ មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ ពិសេសចំពោះខេត្តព្រំដែន គឺជំរុញឱ្យអាជ្ញាធរខេត្តតាមព្រំដែន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសជិតខាង និង ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយប្រទេសជិតខាងមានឡាវ និងវៀតណាមជាដើម។
ចំពោះខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ប្រមាណជាង ១៣ពាន់គីឡូម៉ែត្រក្រឡា បែងចែកជា ១ក្រុង ៧ស្រុក ៤៩ឃុំ ២សង្កាត់ និង ២៣២ភូមិ។ មានផ្លូវជាតិសំខាន់ៗឆ្លងកាត់កាត់ និងតភ្ជាប់ដូចជា ផ្លូវជាតិលេខ៦២ ផ្លូវជាតិ លេខ៩ ផ្លូវជាតិលេខ៥៦ និងផ្លូវជាតិលេខ៩៥ ព្រមទាំងមានសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងប្រាសាទបុរាណជាច្រើន ក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
ខេត្តព្រះវិហារ ជាខេត្តដែលមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្ម ជា ពិសេស គឺការជំរុញផលិតកម្មស្រូវសរីរាង្គ ដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញ-លក់ ជាមួយក្រុមហ៊ុនសហគ្រាសចំនួន ៩ក្រុមហ៊ុន។ ផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១០ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។ ក្រៅពីនេះ ខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និង កៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។ ក្រៅពីដំណាំកសិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចឹមសត្វផងដែរ។ ផ្សារភ្ជាប់ទៅនឹងវិស័យកសិកម្មនេះ ខេត្តព្រះវិហារមាន ប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូចសរុប ៤៨កន្លែង ជាពិសេសគឺ អាងទំនប់ ទឹករក្សា ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ដែលមានសក្តានុពលជាជង្រុកមច្ឆជាតិ ជីវៈចម្រុះ ធានា ការផ្គត់ផ្គង់ទឹកសម្រាប់ការធ្វើកសិកម្ម ការរំដោះទឹកជំនន់ និងមានអំណោយផលខាងវិស័យ ទេសចរណ៍ធនធានធម្មជាតិផងដែរ។
នៅទូទាំងខេត្តមានសិប្បកម្មកែច្នៃ និងសហគ្រាសខ្នាតតូច និងមធ្យមសរុប ១.៣០០មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣ពាន់នាក់។ ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗដូចជា រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន, អាជ្ញាបណ្ណអណ្តូងរ៉ែបើក និង ការដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន។
ខេត្តព្រះវិហារ គឺជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ ល្បីល្បាញ និងមានសក្តានុពល ដោយមានប្រាសាទបុរាណ និងទីតាំងបុរាណដ្ឋានចំនួន ២៨៥កន្លែង ពោល គឺជាខេត្តដែលមានប្រាសាទបុរាណលំដាប់ទី២ បន្ទាប់ពីខេត្តសៀមរាប។ ខេត្តមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺ ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ រួមទាំងតំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះខ័ន និង រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិកែច្នៃ និងសហគមន៍អេកូទេសចរណ៍សរុបចំនួន ២៨ទីតាំងទៀត។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះវិហារប្រមាណជាង ១០ម៉ឺននាក់ ថយចុះ ៦១% បើ ប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយសារបញ្ហាសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជា ពិសេសគឺ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងជាសក្តានុពលខ្លាំង សម្រាប់វិស័យទេសចរណ៍ ត្រូវបានរងគ្រោះជាដំណំដោយការបាញ់ប្រហារពីសំណាក់យោធាថៃ នៅអំឡុងពេលសង្គ្រាមឈ្លានពានទាំង២លើកកន្លងមក។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ដល់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៦នេះ មានរាជធានី ខេត្តចំនួន២៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ មណ្ឌលគិរី រតនៈគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ៕ អត្ថបទ៖ ពៅ រក្សា ,រូបភាព៖ វណ្ណារិទ្ធ

























-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព