ព័ត៌មាន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានរៀបចំពិព័រណ៍ដ៏មានអត្ថន័យនេះឡើង និងចំពោះការបន្តភាពជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយជូនដល់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះមិនត្រឹមតែអបអរសាទរចំពោះផ្លែឈើតាមរដូវកាលរបស់កម្ពុជាដែលមានឱជារស និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរនូវដំណើរវិវត្តន៍របស់ផលិតផលកម្ពុជា ផ្តើមចេញពីចម្ការ មកដល់ទីផ្សារ និងរហូតដល់មានវត្តមាននៅលើតុអាហារនៅជុំវិញពិភពលោកជាបន្តបន្ទាប់ ដែលដំណើរវិវត្តន៍នេះអាចសម្រេចទៅបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់បងប្អូនកសិករ ការផ្តល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ តួយ៉ាង ក្រុមហ៊ុន អ៊ីអន ខេមបូឌា។
លោកជំទាវរដ្ឋមន្ត្រី បន្តថា កសិកម្មផ្តល់នូវទិន្នផល ប៉ុន្តែទីផ្សារផ្តល់នូវវិបុលភាព ដូច្នេះ ទំនួលខុសត្រូវរបស់យើង គឺមិនត្រឹមតែជួយកសិករក្នុងការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបន្តជួយពួកគាត់ក្នុងការធ្វើពាណិជ្ជូបនីយកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើតតម្លៃបន្ថែមពីគ្រប់ទិន្នផលដែលប្រមូលបាន និងធានាថាផលិតផលកម្ពុជាដែលមានគុណភាព បានទៅដល់ដៃអតិថិជនប្រកបដោយទំនុកចិត្ត។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរ ក្នុងនោះមានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia, យុទ្ធនាការផលិតផលស្ត្រី #MadeByHer, ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, ការជំរុញអនុលោមភាពផលិតផល និងសិទ្ធិអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព, ការសិក្សាបង្កើតផ្សារលក់ដុំ ឬកន្លែងប្រមូលផ្តុំផលិតផល, ការចុះបញ្ជីជាផ្លូវការម៉ាកសមូហភាព (Collective Mark) «ទុរេនបែកអន្លូង», និងការបន្តចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្មជាតិ (Certification Mark) ជាដើម។
គួរជម្រាបជូនផងដែរថា “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ៕









-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី