ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញនូវការបន្តប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT បន្តសហការ និងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាឡេស៊ី លើការពង្រឹងនូវទំនាក់ទំនងនៅលើវិស័យយោធានៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់លទ្ធផលជាផ្លែផ្កា នៃជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយនិងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្លាស់ប្តូរទស្សនៈជាច្រើនជាមួយគ្នា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងម៉ាឡេស៊ី ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះម៉ាឡេស៊ី ដែលបានដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ប្រកបដោយរលូន។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះការសម្របសម្រួល ជាពិសេសចំពោះការគាំទ្រទៅលើសន្តិភាព និងការដោះស្រាយបញ្ហាមួយចំនួនរវាងកម្ពុជា និងថៃ ។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះម៉ាឡេស៊ី ដែលបានសម្របសម្រួល និងចាត់បញ្ជូនក្រុមការងារ AOT មកប្រចាំការនៅកម្ពុជា ជាពិសេសអនុព័ន្ធយោធាម៉ាឡេស៊ីបានចូលរួមយ៉ាងសកម្មលើកិច្ចការនេះ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានពាំនាំនូវសារសួរសុខទុក្ខពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ។ ឯកឧត្តម បានជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺមានគោលដៅចម្បងមួយដើម្បីជួបជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសំដែងការគួរសមជាមួយនិងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពយើងទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានជម្រាបផងដែរ អំពីលទ្ធផលនៅក្នុងជំនួបទ្វេភាគីជាមួយនិងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយគ្នាដែលមានស្រាប់ និងស្វែងរកនូវទិសដៅបន្ថែមទៀត ដើម្បីពង្រឹងនៅក្នុងកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើលំហាត់រួមគ្នា ការហ្វឹកហ្វឺន ការធ្វើជាអ្នកសង្កេតការណ៍ផ្សេងៗ ក្នុងន័យពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ដល់កងទ័ពទាំងពីរផងដែរ។
ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា ទោះបីអាណត្តិ AOT របស់ម៉ាឡេស៊ីត្រូវបានផ្ទេរជូនទៅដល់ហ្វីលីពីន ក្នុងពេលដែលហ្វីលីពីនធ្វើជាប្រធានអាស៊ាន ប៉ុន្តែម៉ាឡេស៊ីនៅតែបន្តប្តេជ្ញា ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT បន្តសហការនិងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ពាក់ព័ន្ធទៅនឹងការដោះស្រយបញ្ហា ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះភាគីកម្ពុជា ដែលបានប្តេជ្ញាចិត្តនៅក្នុងការអង្គុយចុះដើម្បីពិភាក្សាគ្នាជាមួយភាគីថៃ តាមរយៈយន្តការដែលមានស្រាប់ ដូចជា GBC និងJBC សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយសង្ឃឹមថាកម្ពុជាថៃនឹងអាចដោះស្រាយគ្នាបានតាមរយៈវេទិកា និងកិច្ចប្រជុំ ADMM និង ADMM-Plus ៕








-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព