Connect with us

ព័ត៌មាន

នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ

កំពង់ស្ពឺ ៖ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​​កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ដោយអនុវត្តស្មារតី​បេះដូង​មនុស្ស​ធម៌ និងទំនួល​ខុស​ត្រូវ​ខ្ពស់​ស្របតាម​តួនាទី​ភារកិច្ចស្នូលគឺ “បង្ការ បង្ក្រាប និងសង្គ្រោះ” នាយទាហាន នាយទាហានរង និងពលទាហាននៃមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​​។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិ ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។ លោកឧត្តម​សេនីយ៍​ត្រី​មេបញ្ជាការ​ បានបន្តថា យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបាន តាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង ហើយពេលនេះគឺជាលើកទី៣ហើយ ដែលនាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារមជ្ឍមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបានកោតសរសើរដល់មេបញ្ជាការរង នាយសេនាធិការរង​ប្រធាន-អនុប្រធាន នាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧ កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ​​ មេបញ្ជាការ-រង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ​​​ ព្រមទាំង​​ប្រជា​ពលរដ្ឋ​ដែលមានចិត្តសប្បុរសធម៌បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះ​​ផងដែរ។

សូម​បញ្ចាក់​​ថា​ ក្នុងរយៈ​ពេល​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ បានចាត់ក្រុមការងារជាតំណាងធ្វើការសហការជាមួយ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​​ ដើម្បី​ទទួល​បាន​ឈាម​ ក្នុងការអន្តរាគមន៍ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាព​ខ្វះខាត​ មានជំងឺប្រចាំកាយ ​ហើយត្រូវការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយក្នុងការព្យាបាលជំងឺ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia