Connect with us

ព័ត៌មាន

កម្ពុជា បង្ហាញមហិច្ឆតាក្លាយជាប្រទេសគោលដៅផលិត និងផ្គត់ផ្គង់ផលិតផលស្បែកជើងក្នុងតំបន់អាស៊ី

កម្ពុជា បានបញ្ជាក់ជាថ្មីពីមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាគោលដៅផលិត និងផ្គត់ផ្គង់ផលិតផលស្បែកជើងឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ខណៈដែលក្រសួងពាណិជ្ជកម្មបានលើកឡើងពីកំណើនដ៏រឹងមាំនៃលទ្ធផលនាំចេញ និងសក្តានុពលវិនិយោគដ៏ខ្ពស់របស់ប្រទេសជាតិ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សន្និសីទស្បែកជើងអន្តរជាតិ លើកទី៤៣» និង «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ» កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏រស់រវើកមួយនៅក្នុងតំបន់អាស៊ី និងជាគោលដៅផ្គត់ផ្គង់កាន់តែសំខាន់សម្រាប់ម៉ាកយីហោល្បីៗ ដែលទទួលស្គាល់ជាអន្តរជាតិ។

លោកជំទាវបានឱ្យដឹងថា គិតក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃសរុបលើសពី ៣៨ពាន់លានដុល្លារអាម៉េរិក ខណៈដែលការនាំចេញផលិតផលស្បែកជើងមានតម្លៃរហូតដល់លើសពី ១,១ ពាន់លានដុល្លារអាម៉េរិក។

លោកជំទាវបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបន្តអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង ការវិនិយោគប្រកបដោយគុណភាព មូលធនមនុស្ស និងបរិយាកាសធុរកិច្ច។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានអំពាវនាវ និងស្វាគមន៍ការវិនិយោគពីបរទេសបន្ថែមទៀត មិនត្រឹមតែលើការផលិតស្បែកជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកភស្តុភារកម្ម, ស្វ័យប្រវត្តកម្ម, ការស្រាវជ្រាវនិងអភិវឌ្ឍន៍, ការច្នៃប្រឌិត, ចង្វាក់ផលិតកម្មបៃតងប្រកបដោយចីរភាព, បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មផងដែរ ដោយផ្អែកលើកត្តាអំណោយផលរបស់កម្ពុជា រួមមានស្ថិរភាពនយោបាយ ការចូលទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រ ការអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសអំណោយផលខ្លាំងដល់ការវិនិយោគ។​

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសកម្ពុជាមានរោងចក្រពាក់ព័ន្ធនឹងវិស័យស្បែកជើងចំនួន ២១៩រោងចក្រ និងផ្តល់ការងារដល់កម្មករនិយោជិតជិត ១៨ម៉ឺន ៥ពាន់នាក់ រួមទាំងទទួលបានការអនុគ្រោះពន្ធក្នុងការចូលទៅកាន់ទីផ្សារសកលសំខាន់ៗ រួមមាន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន ដែលបង្កើតឱ្យមានឱកាសកាន់តែលេចធ្លោថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍«សន្និសីទស្បែកជើងអន្តរជាតិ លើកទី៤៣» និង «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ» ដ៏មានសារៈសំខាន់នេះ បានទាក់ទាញប្រតិភូជាសមាជិកសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ (CIFA) មកពី ១៩ប្រទេស និងតំបន់ រួមទាំងមន្ត្រីរាជរដ្ឋាភិបាល តំណាងស្ថានតំណាងការទូត អង្គការអន្តរជាតិ វិនិយោគិន ក្រុមហ៊ុនផលិត និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ដើម្បីជួបជុំគ្នាពិភា​ក្សាអំពីអនាគតនៃឧស្សាហកម្មស្បែកជើងសកល ចំពេលដែលមានការផ្លាស់ប្តូរយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងទីផ្សារ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia