ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាឆ្នាំដ៏មានអត្ថន័យដ៏ពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង។ កម្ពុជា មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាខែវិច្ឆិកាខាងមុខនេះ ដែលនេះ ជាដំណើរទស្សនកិច្ច ៦០ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង ៣០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា មិត្តភាពរវាងកម្ពុជានិងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សព្វថ្ងៃនេះ ភាពជាដៃគូរវាងប្រទេសទាំងពីរ បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ វប្បធម៌ឬការអភិរក្សបេតិកភណ្ឌ។ ប្រទេសបារាំងនៅតែជាដៃគូនាំមុខ ដែលគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ កម្ពុជានិងបារាំង ក៏រក្សាបាននូវការផ្លាស់ប្តូរទស្សនៈយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗផងដែរ។ ក្នុងបរិបទសកលដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ភាពមិនប្រាកដប្រជាកាន់តែកើនឡើង និងភាពតានតឹងដែលនៅតែបន្ត យើងមានការជឿជាក់ដូចគ្នាថា កិច្ចសន្ទនា ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏ប្រសើរបំផុតសម្រាប់ធានាបាននូវសន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពរួម។
ឯកឧត្តមបានលើកឡើងថា ឆ្នាំនេះ ក៏នឹងត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតផងដែរ គឺ កម្ពុជាមានកិត្តិយសនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏មានសារៈសំខាន់សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីដែលមានប្រទេសសមាជិកចំនួន ៩០ ប្រទេស ដោយផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង ព្រមទាំងតាមរយៈគុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន។កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក្រោមប្រធានបទ «ប្ដេជ្ញាបន្ដថែរក្សាសន្តិភាព ដើម្បីវិបុលភាពរួម» បានឆ្លុះបញ្ចាំងពីមហិច្ឆតារួមក្នុងការធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនីក្លាយជាតួអង្គប្រកបការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ។ ការត្រៀមរៀបចំកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ លើសពីកិច្ចជំនួបនយោបាយ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏នឹងត្រូវអមដោយសកម្មភាពនានាជាច្រើន រួមមានសកម្មភាពផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសិល្បៈ ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពរស់រវើក ព្រមទាំងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។ សម្រាប់កម្ពុជា ប្រទេសបារាំង នៅតែជាប្រភពនៃការបំផុសគំនិតតាមរយៈឧត្តមគតិសកលដ៏ឧត្តុង្គឧត្តម ហើយជាដៃគូដ៏ស្មោះត្រង់មួយ ជាមួយនឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងការធ្វើដំណើរឆ្ពោះទៅអនាគត។ សូមឱ្យមិត្តភាពនេះបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព