ព័ត៌មាន
កម្ពុជា-វៀតណាម ជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ
កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) – តឹនណាម (វៀតណាម) បានពេញលេញ ស្របតាមបទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសនៃការយោគយល់គ្នា ស្មារតីមិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីទាំងពីរបានឯកភាពលើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។ ការអនុវត្តនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕








-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ ២០២៦-២០៣១