Connect with us

ព័ត៌មាន

អាជីវករអំពាវនាវអ្នកប្រើប្រាស់ ឱ្យបន្តគាំទ្រផលិតផលខ្មែរដើម្បីថែសេដ្ឋកិច្ចជាតិ

ក្រុមអ្នកផលិត និងអាជីវករ បានផ្ញើ​សារអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​បន្ត​ថែមទៀ​ត គឺជាយុទ្ធសាស្ត្រស្នូលមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និ​ង​រក្សា​លំនឹង​ទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអាជីវកម្មនានា បាននិង​កំពុង​លើក​កម្ពស់​ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។

ក្នុងឱកាសចូលរួមដាក់តាំងបង្ហាញលក់ផលិតផលរបស់ខ្លួន ក្នុងកម្មវិធីយុទ្ធនាការ “អាហារខ្មែរ​ត្រូវ​តែ​ខ្លាំង​” ក្រុម អាជីវករ បានលើកឡើងឱ្យដឹងថា មូលហេតុដែលបន្តអំពាវនាវនេះ គោលបំណង​ចម្បង​ដែល​សំខាន់ជាងគេ គឺដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល ពីព្រោះការទិញ​ទំនិញ​ដែល​ផលិត​ក្នុង​ស្រុកគឺជួយរក្សា និងបង្កើតលំហូរ​សាច់​ប្រាក់​នៅ​ក្នុង​ប្រទេស​ដោយ​ផ្ទា​ល់​ដែល​ជួយ​ទ្រទ្រង់​ដល់ជីវភាពរបស់កសិករ សិប្បករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs)។ លើស​ពី​នេះ​ថែម​ទៀត គឺការបង្កើតការងារ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ជាពិសេស·បង្ហាញមោទនភាពជាតិ គ្រា​ផលិតផលដែលច្នៃដោយស្នាដៃកូនខ្មែរ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងធនធាន​ធម្មជាតិ​ដ៏​សម្បូរបែប។

ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ បានសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ មានការគាំទ្រផលិតផលក្នុងស្រុកច្រើនជាងមុន ហើយពួកគាត់​បាន​ប្តេជ្ញា​ចិត្ត​ទៀត​ថា ​នឹងខិតខំផលិតផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ស្របតាមស្តង់ដារ​អនាម័យ ​សំដៅលើកកម្ពស់ទំនុកចិត្តអតិថិជនទាំងអស់។ ជាមួយនេះ ក្រុមអាជីករ ក៏មិន​បាន​ភ្លេច​នូវ​ការ​អរគុណជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ តាម​រយៈ​ការ​ផ្សព្វផ្សាយ និងរៀបចំកម្មវិធីល្អៗជាច្រើន ក្នុងន័យរួមចំណែក​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​ក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារជាដើម។

សូម​បញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បី​​ផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សម្តេចបានបញ្ជាក់ថា នៅក្នុងដំណាក់​កាល​បច្ចុប្បន្ន​ដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បី​ជំនួស​ឱ្យ​ការនាំចូល តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SME) គឺកាន់តែមានសារៈសំខាន់។ ក្នុង​គោលដៅនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​នាម​ជា​ប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់​ចេញ​វិធាន​ការ​​ចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើក​ទឹក​ចិត្ត​ដល់​សហគ្រាសធុនតូច និងមធ្យម (SME)៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia