ព័ត៌មាន
កម្ពុជាជំរុញការដាំដុះបន្លែសុវត្ថិភាព ជំរុញដល់ការសង់ផ្ទះសំណាញ់ កើនដល់ជិត ៦ ០០០ខ្នង
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដោយបច្ចុប្បន្នបានកើនដល់ជិត ៦,០០០ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កសិករក្នុងការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមការផ្សព្វផ្សាយបច្ចេកទេស ប៣ (បង្កើនធម្មជាតិ បន្ថយគីមី បង្កើនផល) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលដៅបង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ចំណូលរបស់កសិករ។
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីគាំទ្រការផលិតបន្លែសុវត្ថិភាព មន្ត្រីកសិកម្មឃុំបានផ្តល់ការបណ្តុះបណ្តាល និងណែនាំបច្ចេកទេស ប៣ ដល់កសិករចំនួន ១៨,៤៥៥គ្រួសារ ស្មើនឹងប្រមាណ ៣២% នៃកសិករដាំបន្លែទូទាំងប្រទេស។ ក្នុងចំណោមនោះ មាន ៤,៩២១គ្រួសារ កំពុងអនុវត្តបច្ចេកទេស ប៣ ជាក់ស្តែង។
ឯកឧត្តម បន្តថា ការជំរុញការផលិតបន្លែសុវត្ថិភាពរបស់ក្រសួងកសិកម្ម បានជំរុញឱ្យកសិករកាន់តែងាកមកប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ជាពិសេស ការសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតបន្លែ ដែលបច្ចុប្បន្នបានកើនដល់ ៥,៨៨៣ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព បង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណូលរបស់កសិករ។
ចំណែក លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ការដាំបន្លែលើទឹក ឬ Hydroponics គឺជាបច្ចេកទេសទំនើបមួយដែលអាចគ្រប់គ្រងគុណភាព, កាត់បន្ថយហានិភ័យពីអាកាសធាតុ, សត្វល្អិត, និងការប្រើប្រាស់សារធាតុគីមី ហើយជួយសន្សំសំចៃទឹក និងកម្លាំងពលកម្ម ជាពិសេស បន្លែដាំលើទឹកមានទីផ្សារនិងតម្លៃល្អ។
លោក បញ្ជាក់ថា បច្ចុប្បន្ន លោកមានផ្ទះសំណាញ់ដាំបន្លែចំនួន បីខ្នង និងផ្ទះសំណាញ់សម្រាប់បណ្តុះពូជមួយខ្នង ដែលផ្ទះសំណាញ់ទាំងអស់ បានផ្តល់ទិន្នផលជាមធ្យម១តោន ក្នុងពេលប្រមូលផលក្នុងមួយវគ្គ ចាប់ពីដាំរហូដល់ប្រមូលផលចំណាយពេលប្រមាណ ១ខែកន្លះ។
ក្រសួងកសិកម្មបានកំណត់គោលដៅក្នុងឆ្នាំ ២០២៦ ក្នុងការផ្សព្វផ្សាយបច្ចេកទេស ប៣ ឱ្យដល់កសិករដាំបន្លែ ១០០% នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ធូ វិរៈ










-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»