ព័ត៌មាន
កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាងពីរម៉ឺននាក់ទៀតមិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង
ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ជាក់ប្រាប់ទៅក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) អំពីស្ថានភាពជនភៀសសឹកកម្ពុជាជាងពីរម៉ឺននាក់ទៀតមិនទាន់អាចត្រឡប់ទៅផ្ទះវិញដោយសារយោធាថៃរារាំង រាយបន្លាលួស និងការដាក់ទូរកុងតឺន័រ ដែលការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានបញ្ជាប់បែបនេះក្នុងឱកាស ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា ចាប់ពីថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានី ម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Georgina Annhernandez Yang ប្រធាន ស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន។
នៅក្នុងកិច្ចប្រជុំពិសេសលើកទី ១ ឆ្នាំ២០២៦ អាយឆាបានពិភាក្សាអំពីសកម្មភាពបន្ត ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត សុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងសេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិទទួលបានសន្តិភាព ឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។ អាយឆាកំពុងពិភាក្សាផងដែរ អំពីសំណើសេចក្តីប្រកាសអាស៊ានស្តីពី សិទ្ធិសុខភាពផ្លូវចិត្តរបស់កុមារក្នុងយុគសម័យឌីជីថល ដើម្បីដោះស្រាយផលប៉ះពាល់ស៊ីជម្រៅនិងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថលទៅលើសុខភាពផ្លូវចិត្តកុមារ។ ទន្ទឹមនេះ អោយឆាក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នតាមវិស័យអាស៊ាន ដៃគូខាងក្រៅ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស។ កិច្ចប្រជុំក៏បានចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ាន នីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួច ផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនឹង កង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។
ដោយឡែក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន អាយឆា បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងកម្មវិធីអាទិភាពរបស់អាយឆា ព្រមទាំងស្នើការពិនិត្យ និងសម្រេចចំពោះកម្មវិធី និងសកម្មភាពអាទិភាពរបស់អាយឆាសម្រាប់ឆ្នាំ២០២៧។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកោតសសើរពីកិច្ចខិតខំរបស់អាយឆា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាមួយគ្នានេះដែរ អាយឆាក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន ដោយផ្តោតការពិភាក្សាលើវិធីសាស្ត្រក្នុងការបញ្ជ្រាបសិទ្ធិមនុស្សទៅក្នុងសសរស្តម្ភទាំងបីរបស់អាស៊ានក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយឆា និងស្ថាប័នអាស៊ានតាមវិស័យដោយមានគាំទ្រពីលេខាធិការដ្ឋានអាស៊ាន។
គួរបញ្ជាក់ថា ក្នុងការចែករំលែកពីវិវឌ្ឍន៍ថ្មីៗ នៃសិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានជម្រាបជូនអំពីការផ្សព្វផ្សាយអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពថ្នាក់ក្រោមជាតិ ព្រមទាំងកំពុងរៀបចំរបាយការណ៍ពាក់កណ្តាល អាណត្តិដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ជាថ្មីម្តងទៀត ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ «ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។
ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំបានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕








-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ