ព័ត៌មាន
មន្រ្ដីជំនាញ៖ ផ្នែកខាងក្រោមស្ទឹងព្រែកត្នោត គឺជាតំបន់អាទិភាពសម្រាប់កែលម្អគុណភាពទឹក និងការពារសុវត្ថិភាពទឹកស្អាតយកមកប្រើប្រាស់
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICAបានលើកឡើងថា តាមលទ្ធផលនៃការតាមដានគុណភាពទឹកដែលបានអនុវត្តក្រោមគម្រោង «ពង្រឹងសមត្ថភាពលើការគ្រប់គ្រង» ការបំពុលទឹកដំណាក់ការទីពីរដែលផ្តោតលើស្ទឹងព្រែកត្នោតកន្លងមក បានបង្ហាញថា ខ្សែទឹកខាងក្រោមនៃ ស្ទឹងព្រែកត្នោត ជាពិសេសតំបន់ក្រុងតាខ្មៅ គឺជាតំបន់អាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការសមស្រប ដើម្បីកែលម្អគុណភាពទឹក និងការពារសុវត្ថិភាពនៃការប្រើប្រាស់ប្រភពទឹក។
លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានថ្លែងបើកក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងភាគីពាក់ព័ន្ធ ស្តីពី គ្រប់គ្រង និងការកែលម្អគុណភាពទឹកនៅតំបន់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦នេះថា បញ្ហាគុណភាពទឹកនៅតំបន់នេះ មានភាពពាក់ព័ន្ធជាមួយការកើនឡើងនៃបន្ទុកសារធាតុបំពុលពីតំបន់ទី ប្រជុំជន តំបន់លំនៅឋាន និងប្រភពបំពុលផ្សេងៗ ដោយយោងលើសូចនាករប៉ារ៉ាម៉ែត្រសំខាន់ៗ ដែល អ្នកពាក់ព័ន្ធបានតាមដានជាពិសេសចំពោះ តម្រូវការអុកស៊ីសែនតាមបែបជីវសាស្រ្ត (BOD) អាសូត(N) និងផូស្វ័រ(P) ដែលជាសូចនាករសំខាន់សម្រាប់វាយតម្លៃ ស្ថានភាព និងបន្ទុកសារធាតុបំពុលក្នុងប្រភពទឹក។
លោក ជូ មុនីដារិន ថ្លែងទៀតថា បញ្ហាប្រឈមដែលកំពុងជួបប្រទះ មិនមែនជាបញ្ហាដែលអាចដោះស្រាយបានដោយស្ថាប័នណាមួយ តែឯងនោះទេ។ វាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រាវពីតំបន់លំនៅឋាន ការគ្រប់គ្រងអាងសិបទិច និង ការបូមសម្អាតកាកសំណល់ ការបំពុលពីតំបន់ឧស្សាហកម្ម ការគ្រប់គ្រងតំបន់ដីសើម ការប្រើប្រាស់ដីការ តាមដាន និងការចែករំលែកទិន្នន័យគុណភាពទឹក ព្រមទាំងការយល់ដឹងរបស់សហគមន៍អំពីការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព។
កិច្ចប្រជុំនេះ មានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ដែលមានការចូលរួមប្រមាណ ៦០នាក់ មកពីក្រសួង/មន្ទីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួន។ លោកបណ្ឌិត ម៉ូរ៉ាម៉ាសី យ៉ាសូហ៊ីតុ ប្រធានក្រុមការងារ JICA នៃគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ដែលបានធ្វើបទបង្ហាញស្តីពីស្ថានភាពគុណភាពទឹកនាពេលបច្ចុប្បន្ន ថា តំបន់ចំនួន ៥ នៃស្ទឹងព្រែកត្នោតត្រូវបានយកគំរូមកត្រួតពិនិត្យតាមដានអំពីការបំពុលទឹក ដែលត្រូវយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។
អ្នកជំនាញសង្ឃឹមថា អង្គប្រជុំនឹងទទួលបានការពិភាក្សា និងធាតុចូលយ៉ាងស៊ីជម្រៅសំខាន់ចំនួន ៥ រួមមាន ទី១. ការកែលម្អការគ្រប់គ្រងអាងប្រព្រឹត្តកម្មសំណល់រាវទីក្រុង និងប្រព័ន្ធបូមសម្អាតកាកសំណល់ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការបញ្ចេញសំណល់រាវដែលមិនបាន ប្រព្រឹត្តិកម្មចូលទៅក្នុងប្រភពទឹក។ ទី២. ការពិចារណាលើការពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម និងដំណោះស្រាយផ្អែកលើធម្មជាតិ (Nature-based Solutions) ជាវិធានការបំពេញបន្ថែម ដោយត្រូវគិតគូរឱ្យបានសមស្របទៅនឹង ផែនការអភិវឌ្ឍ ការប្រើប្រាស់ដី និងស្ថានភាពជាក់ស្តែងនៅតំបន់គោលដៅ។ ទី៣. ការពង្រឹងយន្តការចែករំលែកទិន្នន័យគុណភាពទឹករវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ទិន្នន័យអាច រប្រើប្រាស់បានទាន់ពេលវេលា មានភាពជឿជាក់ និងអាចគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាង។ ទី៤. ការពង្រឹងការគ្រប់គ្រង និងការអនុវត្តវិធានការចំពោះការបំពុលពីតំបន់ឧស្សាហកម្ម ដោយផ្អែកលើ ទិន្នន័យតាមដាន និងការវាយតម្លៃហានិភ័យ។ ទី៥. ការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យ ដើម្បីជំរុញការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព និងការពារសុខភាពសាធារណៈ៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ