Connect with us

ព័ត៌មាន

កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​ប្រគល់​ពាន​រង្វាន់​ដល់​សិស្សនិស្សិតជ័យលាភីចំនួន ៦រូប ចាប់ពីលេខ១ ដល់ លេខ ៥ ដែល​បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​កម្ម​វិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យ (ជ័យ​លា​ភី​លេខ​៥ ​មាននិស្សិតឈ្នះពីរនាក់) ក្រោមប្រធានបទ «តើយុវជនត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច​ដើម្បី​ចូល​រួម​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់?»។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការនិមន្តនិង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បានថ្លែងក្នុងកម្មវិធីនេះថា​ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹក​នាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ​«យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេសមានប្រាក់ចំណូលខ្ពស់។

ឯកឧត្តម ថ្លែងទៀតថា ដើម្បីសម្រេចបានគោលដៅនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ ជាពិសេសយុវជនមានសារសំខាន់ចាំបាច់មិនអាចខ្លះបាន ហើយ ការ​អភិវឌ្ឍន៍​មូល​ធន​មនុស្ស ត្រូ​វបានរាជរដ្ឋាភិបាលកំណតជាអាទិភាពខ្ពស់បំផុត​ និងត្រូវបានចាត់​ទុក​ជាមូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍប្រទេស ពីព្រោះមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ ប៉ុន្តែ ដើម្បី​ក្លាយ​ជា​ទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជាតិ ទាល់តែពលរដ្ឋគ្រប់រូប ផ្តើមចេញពី​យុវជន​ជា​មនុស្ស​ដែល​មាន​គុណភាពគឺមូលធនមនុស្សពិតប្រាកដ។

កញ្ញា ឆាន ភាតរៈ និស្សិតមកពីសាកលវិទ្យាល័យ ខេត្តស្វាយរៀង បានឈ្នះជ័យលាភីលេខ១ បាន​​លើក​ឡើងពីប្រធានបទ«ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ខណៈដែល កញ្ញា ហី ចាន់នី និស្សិតឈ្នះជ័យលាភីលេខ២ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច(RULE) បានបក​ស្រាយ​លើ​ប្រធាន​បទ​«កា​រ​ពង្រឹង​ភាព​ជា​ពលរដ្ឋក្នុង​សង្គម​ដែល​មាន​អារ្យ​ធម៌ខ្ពស់​ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន»។

ក្រុមនិស្សិតឈ្នះជ័យលាភីទាំងពីរនេះ បានបង្ហាញក្តីរីករាយ និងប្តេជ្ញាចិត្ត នឹងចូលរួម​ជាមួ​យ​រាជ​រដ្ឋាភិបាល​ក្នុង​ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការខិតខំអភិវឌ្ឍន៍ឱ្យរីកចម្រើន ដើម្បី​ក្លាយជាធនធានមនុស្សប្រកបដោយគុណភាព។

ចំពោះ និស្សិតឈ្នះជ័យលាភីលេខ ៣ បានទៅ កញ្ញា ធា ចាន់រ៉ា មកពីសាកលវិ​ទ្យាល័យ​សុខាភិបាល​​,​ និស្សិតជ័យលាភីលេខ ៤ បានទៅកញ្ញា សែម វីណា មកពី ពុទ្ធិកសាកលវិទ្យាល័យ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន កំពង់ចាម និង ជ័យលាភីលេខ ៥ បានទៅ​និស្សិត​ពីរ​រូប ​គឺលោក សាមិត្ត វិរៈបុត្រ មកសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងកញ្ញា យ៉ុម ពិដោ មកពី សាកលវិទ្យាល័យកម្ពុជា (UC)។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ មាននិស្សិតចូលរួមសរុបចំនួន ៤៩ រូប ចាប់ពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រដែលពួកគេមកពីសាកលវិទ្យាល័យចំនួន ១៥ នៃ​រាជ​ធានី-ខេត្ត ។ និស្សិតដែលទទួលបានជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ ទទួលបាន​វិញ្ញាបន​បត្រ​តាម​លំដាប់​មេដាយ​ពីលេខ១ ដល់លេខ៥ រួមទាំងរង្វាន់ជាថវិកាលើកទឹកចិត្តមួយចំនួនផងដែរ៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia