ព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមស្តាប់ការធ្វើបទបង្ហាញដោយ លោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ដែលសម្របសម្រួលរៀបចំដោយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។
ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ នៅក្នុងឱកាសនោះដែរ ឆ្លើយនឹងសំណួរជាច្រើនរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានស្រាយបំភ្លឺជូនថា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៅចន្ទបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ការអនុវត្តការងារវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ជាអាទិ៍ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោល 52-59 ត្រូវបានអាក់ខាន និងជាប់គាំងទាំងស្រុងដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារ និងឈ្លានពានរំលោភអធិបតេយ្យកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន និងបានបន្តកាន់កាប់ដោយខុសច្បាប់រហូតដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនក៏ដោយ។
ទន្ទឹមនឹងនេះ តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានបញ្ជាក់ជូនផងដែរថា កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងកថាខណ្ឌទី៣ និងទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និងជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែ
ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។









-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន