Connect with us

ព័ត៌មាន

ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%

ភ្នំពេញ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា និងកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃក៏ដោយ ក៏លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជានៅតែរក្សាបានកំណើនជាង ១៨% ដោយមានទំហំទឹកប្រាក់សរុប ២.៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ បានបញ្ជាក់ថា បើទោះជា សេដ្ឋកិច្ចពិភពលោកបានប្រឈមនឹងភាពមិនច្បាស់លាស់ដោយកត្តាភូមិសាស្រ្តនិយោបាយ និងការឈ្លានពានរបស់ថៃ ក៏លំហូរចូល​វិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជាសម្រេចបាន ២.៦ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨.៥% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​។ កំណើន FDI នេះ ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ដែលកើនឡើង ១១០.៩% បើធៀបនឹងឆមាសទី១ ឆ្នាំមុន ខណៈដែល​ការវិនិយោគក្នុងវិស័យមិនមែនហិរញ្ញវត្ថុក៏បានកើនឡើង ៨.៩% ផងដែរ។

របាយការណ៍បន្តថា នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ដែលរួមមាន ការវិនិយោគក្នុងវិស័យកម្មន្តសាល (ផលិតកម្ម) បានកើនឡើង ១៤%, វិស័យថាមពលកើនឡើង ២៣%, និងវិស័យសំណង់កើនឡើង ០.១%។ទិន្នន័យទាំងនេះបង្ហាញថា វិស័យផលិតកម្ម ថាមពល និងសំណង់ នៅតែជាវិស័យសំខាន់ដែលរួមចំណែកដល់កំណើននៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក» កាលពីថ្ងៃទី ២៧ កក្កដា ថា មិនមែនត្រឹមតែអត្រាពន្ធគយមួយផ្នែកនោះទេ ដែលធ្វើឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកបោះទុនវិនិយោគនៅកម្ពុជា​ ពោលគឺអ្នកវិនិយោគត្រូវពិនិត្យលើកត្តាផ្សេងៗទៀត ដូចជា សុខសន្តិភាពនិងស្ថិរភាពនយោបាយ,​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កត្តាកម្លាំងពលកម្ម​វ័យក្មេង ព្រមទាំងភាពរីកចម្រើននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា​ដែលគាំទ្រដល់ការវិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដើម្បីបង្កើនភាពទាក់ទាញលំហូរវិនិយោគពីបរទេសបន្ថែមទៀតគឺប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យធ្វើការកែទម្រង់នីតិវិធីស្មុកស្មាញនៃការចុះបញ្ជីវិនិយោគឱ្យនៅកម្រិតទាបបំផុត។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច សង្កេតឃើញថា​ ទោះស្ថិតក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានការប្រកួតប្រជែងខ្លាំង កម្ពុជាបានបន្តទាក់ទាញការវិនិយោគពីបរទេសតាមរយៈការកែលម្អបរិយាកាសវិនិយោគ និងការអនុវត្តគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិនរបស់រាជរដ្ឋាភិបាល​។ លោកថា លំហូរ FDI គឺជាកត្តាសំខាន់មួយដែលជួយជំរុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា, និងការអភិវឌ្ឍវិស័យ​ផលិតកម្ម និងសេវាកម្ម នៅកម្ពុជាឱ្យកាន់រីកចម្រើនជាលំដាប់។

សូមបញ្ជាកថា ក្នុងឆ្នាំ​២០២៥ លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាសម្រេចបានចំនួន ៥.២ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨.២% បើធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែបន្តនាំមុខគេក្នុងការវិនិយោគនៅកម្ពុជាមានចំណែក ៧៣% នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសរុប។ បន្ទាប់មកសិង្ហបុរី ៧%, សាធារណរដ្ឋកូរ៉េ ៤%, កាណាដា ៤%, ម៉ាឡេស៊ី ៣% និងផ្សេងៗ ៩%។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia