Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីករបរទេសជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងពីការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ និងវិបុលភាពរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដល់ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់មួយកម្រិតបន្ថែមទៀត។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ កសិកម្ម កសិឧស្សាហកម្ម ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដែលបានសម្រេចកន្លងមកនៅក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងពីការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia