Connect with us

ព័ត៌មាន

JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT

ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន លោក ព្រំសឿន វឌ្ឍនៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បាន​ធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និង​បោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​រម្លឹកឱ្យដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា បទបង្ហាញនេះធ្វើឡើង​នៅ​ខេត្តសៀមរាប​ក្នុង​គោល​បំណង​បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់​ខ្ជាប់​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែនដោយសន្តិវិធី ដោយពឹងផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្ត​ការ​ទ្វេភាគីដែ​ល​មាន​ស្រាប់​ជា​ពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ។

ឯកឧត្តមបានឱ្យដឹងថា តំណាងរដ្ឋលេខាធិការកិច្ចការព្រំដែនបានពន្យល់ពីដំណើរការ ការ​វាស់​វែង​ខណ្ឌសីមា ព្រំដែន រវាងប្រទេសទាំងពីរកាលពីពេលកន្លងមក។ ប៉ុន្តែ ដំណើរការវាស់វែង និង​ការ​បោះ​បង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ត្រូវ​បាន​អាក់​ខាន និង​ជាប់គាំងទាំងស្រុង ដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារ និង​ឈ្លាន​ពាន​ទឹកដីកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយបានបន្ត​កាន់​កាប់​ដោយ​ខុស​ច្បាប់​រហូត​ដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកក៏ដោយ។

តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា ក៏បានរម្លឹកពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ជំរុ​ញកា​រងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និង​ជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង​ដើម្បី​អនុញ្ញាត​ឱ្យប្រជាពលរ​ដ្ឋស៊ីវិល​ស្លូត​ត្រង់​របស់​កម្ពុ​ជា​អាច​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ដោយ​មិន​មាន​ការ​រារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

សូមបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិ​សញ្ញា​បារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជា​លទ្ធផល​នៃ​ការងារ​ខណ្ឌ​សីមា​របស់​គណៈ​ក​ម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាប្រកាសជាថ្មី មិនទទួលស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់កម្លាំង និងការកាន់កាប់​ភ្ជាប់​ទឹកដី​ដោយ​ខុសច្បា​ប់តាម​រយៈ​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើ​ទីតាំ​ងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវកា​រ​ទៅ​កាន់​ភាគី​ថៃ​នូវ​រាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភ​បំពាន​ណា​មួយ​របស់​ភាគី​ថៃ​មក​លើ​បូរណ​ភាព​ទឹកដីស្របច្បាប់របស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia