Connect with us

ព័ត៌មាន

ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹង​អាច​សម្រេច​បាន​តាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ជិត ៧០តោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​អត្ថ​ប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុង​វេទិកា​ថ្នាក់​ជាតិ​ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មាន​សមាជិក​ប្រមាណ​ជាង​២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ និង​អ្នក​នាំចេញខ្នាតធំ រួមជាមួយសេវាករពាក់ព័ន្ធនានា ដោយមានបេសកកម្ម គឺការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង ​និងផ្សារភ្ជាប់ជាមួយទីផ្សារ ក្នុងនោះបើសម្លឹងទៅទីផ្សារពិភពលោក សហព័ន្ធ​ស្រូវ​អង្ក​រ​កម្ពុជា​ គឺជាសហព័ន្ធដែលមានវ័យក្មេង បានកំពុងឈរជើង យ៉ាងរឹង​មាំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។

ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ចំពោះទីផ្សារនាំចេញ, នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករស​ម្រេច​បានប្រមាណ ៩៤ ម៉ឺនតោន ចំណែកនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ យើង​បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ប្រមាណជិត ៧០ តោនរួចហើយ។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ២​០២៦​នេះ ​ឧកញ៉ាបណ្ឌិតរំពឹងថា ការនាំចេញអង្កររបស់កម្ពុជានឹងអាច សម្រេច​បាន​តាម​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​យុទ្ធ​សាស្ត្រ ក្នុងការជំរុញការនាំចេញអង្ករឱ្យបាន ១ លាន​តោន​ក្នុ​ង​មួយ​ឆ្នាំ​ ក្នុងការពង្រីក ទីផ្សារអន្តរជាតិ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បន្ថែមថា អ្វីដែលអាច​ធ្វើ​ឱ្យ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ គឺបានកើតចេញពីកត្តាជាច្រើន ជាពិសេសកិច្ចសហការរវាងរដ្ឋ​ និងឯកជន៖ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និង​ស្វែង​រក​ទី​ផ្សារ​ថ្មីៗ​។ ចំណែកការផ្តល់ហិរញ្ញប្បទានសម្រាប់ស្រូវអង្ករវិញឃើញថា នៅមានភាពស្មុគ ស្មាញ​លើ​ការ​ដាក់​ទ្រព្យ​បញ្ចាំ ការកម្ចីមានរយៈពេលខ្លី និងមានទំហំកម្ចីតូចជាដើម។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងថា ជុំវិញ​ការ​ផ្តល់ឥណទានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គិតមកដល់ពេលនេះ បានផ្តល់​ឥណ​ទាន​សរុប​ប្រមាណ ៥៣១ លានដុល្លារអាមេរិក ដល់ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន សហ​គមន៍​កសិកម្ម និងតួអង្គក្នុងវិស័យច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយ ក្នុង​នោះ​ឥណ​ទាន​គាំទ្រ​ដល់វិស័យស្រូវអង្ករកម្ពុជាមានចំនួនច្រើនជាងគេ ដោយមានប្រមាណ ៣៥ ភាគ​រយ​នៃ​ឥណទាន​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia