Connect with us

ព័ត៌មាន

អង្គការដៃគូនៃសាធារណរដ្ឋកូរ៉េ ផ្ដល់សម្លៀកបំពាក់៧ ៩៥៤សម្រាប់ ដល់កុមារនៅតាមសាលាមត្តេយ្យសហគមន៍ និងសហគមន៍ងាយរងគ្រោះ

ភ្នំពេញ៖ អង្គការឈរុអ៊ូសានសម្រាប់កុមារ (ChorogUsan for children) បានសម្របសម្រួលការផ្តល់អំណោយសប្បុរសធម៌ ជាសម្លៀកបំពាក់់ចំនួន៧ ៩៥៤សម្រាប់ ដល់កុមារនៅតាមសាលាមត្តេយ្យ និងកុមារងាយរងគ្រោះនៅតាមសហគមន៍ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ។

ការបែងចែកអំណោយសប្បុរសធម៌នេះ រួមមានសម្លៀកបំពាក់ចំនួន ៥​ ៤៥៤ ត្រូវបានប្រគល់ជូនអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (Planète Enfants & Développement) ដើម្បីគាំទ្រដល់កុមារងាយរងគ្រោះនៅរាជធានីភ្នំពេញ និងតាមសាលាមត្តេយ្យសហគមន៍ក្នុងខេត្តគោលដៅមួយចំនួន រួមមានខេត្តកំពង់ស្ពឺ កំពត និងកំពង់ចាម។ បន្ថែមពីនេះ សម្លៀកបំពាក់ចំនួន ២ ៥០០ ផ្សេងទៀត ត្រូវបានប្រគល់ជូននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងរស់នៅក្នុងតំបន់ទីទួលសុវត្ថិភាព ភូមិបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក Jaekyun​ Rho នាយកប្រចាំប្រទេសនៃអង្គការឈរុអ៊ូសានសម្រាប់កុមារ បានថ្លែងថា យើងជឿជាក់ថាកុមារគ្រប់រូបស័ក្តិសមទទួលបាននូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងកិត្តិយស ហើយសកម្មភាពចែករំលែកទាំងនេះ ពិតជាអាចបង្កើតស្នាមញញឹមដ៏បរិសុទ្ធដល់ពួកគេ ។

លោកបានបន្ថែមថា ការនាំយកសម្លៀកបំពាក់ផ្ដល់ដល់កុមារកម្ពុជានេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កុមារ ។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូដូចជា អង្គការ PE&D និងក្រសួងអប់រំ យុវជន និងកីឡា បានជួយឱ្យយើងពង្រីកវិសាលភាព នៃការជួយជ្រោមជ្រែង និងនាំយកជំនួយចាំបាច់ទាំងនេះទៅដល់ដៃកុមារដែលត្រូវការបំផុតបានចំគោលដៅ និងទាន់ពេលវេលា ។

ការភ្ជាប់ទំនាក់ទំនងរវាងសប្បុរសធម៌ និងផលវិជ្ជមានក្នុងសហគមន៍ តាមរយការផ្ដល់ សម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កុមារ ។ អង្គការពិភពកុមារ និងអភិវឌ្ឍន៍បានបញ្ជូនបន្តសម្លៀកបំពាក់ទាំងនេះ ទៅដៃគូអប់រំក្នុងមូលដ្ឋាន ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍កុមារតូច និងកម្មវិធីសុខុមាលភាពកុមារដែលកំពុងអនុវត្តស្រាប់នៅក្នុងតំបន់គោលដៅ។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន អង្គការឈរុអ៊ូសានសម្រាប់កុមារ បន្តបេសកកម្មយ៉ាងសកម្មក្នុងការការពារសិទ្ធិកុមារ និងលើកកម្ពស់សុខុមាលភាពកុមារនៅទូទាំងប្រទេសកម្ពុជា ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia