Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ «ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូង​នៃ​សាមគ្គីភាពរបស់សហគមន៍អាស៊ាន»

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តី​មុខងារ​សាធារណៈ​អាស៊ាន​លើកទី២៣ (ACCSM) និងអាស៊ានបូកបីលើកទី៨ (ACCSM+3) ត្រូវបានប្រារព្ធឡើង នៅ​សណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខងារ​សាធារណៈ, រដ្ឋមន្រ្តីមុខងារសាធារណៈអាស៊ាន និងបូកបី, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់​ពី​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់រយៈពេល ២ថ្ងៃកន្លងមក ដែលប្រតិភូទាំង​អស់​បាន​រួម​គ្នា​ពិនិត្យ​សមិទ្ធ​ផល​រួម ព្រមទាំងផ្លាស់ប្តូរឧត្តមានុវត្តន៍ និងបទពិសោធ ដើម្បីតម្រង់ទិសអនាគត​នៃ​វិស័យ​មុខងារ​សាធារណៈ។ អង្គប្រជុំទាំងមូលបានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការប្តេជ្ញាចិត្ត​រួម​គ្នា​ឆ្ពោះ​ទៅ​រក​នវានុវត្តន៍ ឧត្តមភាព និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យន្តការ ACCSM បាននិងកំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដោយ​តម្កល់ប្រជាជនជាស្នូល។ តាមរយៈការពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងភាព​រហ័ស​រហួន​របស់​មន្ត្រី​រាជការ អាស៊ានអាចផ្តល់សេវាសាធារណៈប្រកបដោយគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “ACCSM មិនត្រឹមតែពង្រឹងលើកិច្ចសហការផ្នែកវិជ្ជាជីវៈប៉ុណ្ណោះទេ តែបានពង្រឹងមិត្តភាព ជំនឿទុកចិត្ត សាមគ្គីភាព និងភាពជាដៃគូ ដែលជាបេះដូងនៃសហគមន៍អាស៊ានទាំងមូល”។

លើសពីក្របខ័ណ្ឌតំបន់ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា កិច្ចសហប្រតិបត្តិការ ACCSM+3 បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។ ការផ្លាស់ប្តូរបទពិសោធជាមួយប្រទេសដៃគូទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញនវានុវត្តន៍សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia