ព័ត៌មាន
ប្រមុខការទូតកម្ពុជា បន្តអំពាវនាវឲ្យថៃអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអំពាវនាវជាថ្មីឲ្យប្រទេសថៃ អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយអនុវត្តភ្លាមៗចំពោះសេចក្តីប្រកាសរួមរវាងរវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការអំពាវនាវជាថ្មីរបស់ប្រមុខការទូតកម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តឲ្យបានពេញលេញ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «មានតែដំណោះស្រាយដោយសន្តិភាពវិធីយូរអង្វែងទេដែលអាចធ្វើឲ្យប្រជាជនប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន»។
សូមបញ្ជាក់ថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន ១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺធ្វើឡើងចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។

សូមរម្លឹកជូនឡើងវិញថា យោងតាមខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
សូមបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ ពិភពលោកកំពុងមើលឃើញច្បាស់ថា មូលហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ។ ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់៕



-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨