Connect with us

ព័ត៌មាន

ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!

ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ វត្តពោធិ៍ប្រាំពាន់ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រារព្ធពិធីប្រគេនទៀនព្រះវស្សា និងនាំយកបច្ច័យ ព្រមទាំងប្រេងកាត និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសប្រកបដោយសទ្ធាជ្រះថ្លា។

ពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយ ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកគូលែន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ បានបង្ហាញនូវទឹកចិត្ត និងសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ ដោយបានប្រគេននូវគ្រឿងឧបភោគបរិភោគ គ្រឿងបរិក្ខារចាំបាច់ផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេល៣ខែ។

ការរៀបចំពិធីប្រគេនទៀនព្រះវស្សានេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមបែបជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមសាមគ្គីភាពយ៉ាងរឹងមាំរវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការថែរក្សា វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់ជាតិ។ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរនិងចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី លើការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានការរីកចម្រើន និងស្ថិតស្ថេរ។

តាមរយៈសទ្ធាជ្រះថ្លានេះ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ភាពសុខសាន្ត និងសិរីសួស្តី ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគូលែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia