Connect with us

ព័ត៌មាន

បេក្ខជនមានពិការភាពខិតខំប្រឹងប្រែងឆ្លងកាត់ស្ពានបាក់ឌុបឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត

ស្ថិតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦ បេក្ខជនមានពិការភាព ចាត់ទុកការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងខិតខំប្រឹងប្រែងប្រឡងឲ្យជាប់។

បេក្ខជនមានពិការភាពប្រឡងនៅមណ្ឌលបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា នេះ  ដែលជាថ្ងៃប្រឡងទី១ បានប្រាប់BTVថា ក្នុងនាមបេក្ខជនពិការភ្នែក នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អ។ បេក្ខជនទាំងនោះបន្តទៀតថា ការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ដើម្បីឱ្យសង្គមទទួលស្គាល់ពីសមត្ថភាពជនមានពិការភាព និងរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ។

លោក ឃុត សុខខា ប្រធានគណៈកម្មការរៀបចំសន្តិសុខសណ្តាប់នៅមណ្ឌលប្រឡងសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលនេះ គឺដំណើរការលូនមិនមានបញ្ហាអ្វីមួយគួរឱ្យកត់សំគាល់នោះទេ ខណៈកម្លាំងសមត្ថកិច្ចនៅបន្តយកចិត្តទុកដាក់រហូតដល់ការប្រឡងទាំងពីរត្រូវបានបញ្ចប់។

គួរបញ្ជាក់ដែរថា ការប្រឡងបាក់ឌុប ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦) ដោយមានបេក្ខជនប្រឡងសរុបចំនួនជាង១៥ម៉ឺននាក់ ដោយបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួនជាង៣ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនជាង១សែននាក់។ ក្នុងចំណោមបេក្ខជនសរុបចំនួនជាង១៥ម៉ឺននាក់ មានបេក្ខជនពិការភ្នែក គរ និងថ្លង់ ចំនួន៤៧នាក់ ប្រឡងក្នុងរាជធានី-ខេត្តចំនួន៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែបន្តអនុវត្តគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោល «អ្នកចេះ គឺជាប់»៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia