Connect with us

ព័ត៌មាន

កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន រកចំណូលបានជាង ៤៦៤លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន ទទួលបានចំណូលសរុបជាង ៤៦៤,១៧លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បរិមាណនាំចេញអង្ករកើនឡើង ៦៧,៥៥ ភាគរយ ខណៈតម្លៃនាំចេញកើនឡើង ៣៣,៣១ ភាគរយ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៦៦ ជុំវិញពិភពលោក​ ក្នុងបរិមាណអង្ករ​សរុប ៧៩២ ២១២តោន។

បណ្តាប្រទេសនៅតំបន់អឺរ៉ុបនៅតែជាទីផ្សារធំជាងគេសម្រាប់កម្ពុជា ដែលបានបញ្ជាទិញអង្ករចំនួន ២៣២ ៣១៩ តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧ លានដុល្លារអាមេរិក។ ចំណែក ប្រទេសចិន និងហុងកុង គឺជាទីផ្សារធំឈរនៅលំដាប់ទី២ របស់កម្ពុជា បាននាំចូលអង្ករចំនួន ១៧៧ ៧៨៣ តោន គិតជាទឹកប្រាក់ចំនួន ១០៥,៣៤ លានដុល្លារអាមេរិក។

បន្ទាប់មកទីផ្សារ​អាស៊ានឈរនៅលំដាប់ទី៣ ដែលបាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណចំនួន ៣១៥ ០៨៨ តោន គិតជាទឹកប្រាក់ចំនួន ១២២,៩៣ លានដុល្លារអាមេរិក និងទៅកាន់គោលដៅ ២៥ ប្រទេសផ្សេងទៀត ដូចជា​ អាហ្វ្រិក, មជ្ឈឹមបូព៌ា, អាមេរិក,កាណាដា,អូស្ត្រាលី,ញ៉ូហ្សេឡេន។ល។ បានចំនួន ៦៧ ០២២ តោន គិតជាទឹកប្រាក់ចំនួន ៦០,៣៣ លានដុល្លារអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៧,៩៦%, ប្រភេទអង្ករសគ្រាប់វែង ២៤,៤០% , អង្ករចំហុយ ១,៩១%, អង្ករសរីរាង្គចំនួន ១,២៨%, អង្ករបាក់គ្រប់ប្រភេទ ១៤,២៦%, និងអង្ករផ្សេងៗចំនួន ០,១៩%។

ក្រៅពីអង្ករ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣ ៣៥៦ ៩៦៩ តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧៥៣,៤១ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia