Connect with us

ព័ត៌មាន

សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា

ក្រោយដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រឡងបាក់ឌុប កញ្ញា តាំង ម៉ីអ៊ីង ទទួល​បាន​និទ្ទេស ​A ជាសិស្សមកពីសាលាអន្តរជាតិ ចុងអ៊ីង បានឱ្យដឹងពីគម្រោងសិក្សាបន្ត ដោយ​នឹង​រៀន​ជំនាញផ្នែ​កពាណិជ្ជកម្ម និងព័ត៌មានវិទ្យា ខណៈកញ្ញាមានក្តី​ស្រម៉ៃចង់​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​នាពេលអនាគត។

​នៅក្រោយចប់កម្មវិធីសំណេះសំណាលយុវសិស្សថ្នាក់ទី១២ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម និទ្ទេស ​A របស់សាលាអន្តរជាតិ ចុងអ៊ីង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញានេះ សិស្សនិទ្ទេស A កញ្ញា តាំង ម៉ីអ៊ីង បាននិយាយដោយទឹកភ្នែករលីងរលោងថា ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និង​សឹង​តែ​មិន​ចង់​ជឿថា ខ្លួនឯងអាចធ្វើទៅបាននោះឡើយ។ លទ្ធផលដ៏ជោគជ័យនេះ គឺជាផ្លែផ្កាកើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលសិក្សាកន្លងមក។

នៅពេលសួរនាំអំពីជំហានបន្ទាប់ ក្រោយបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ ចុងអ៊ីង នេះ កញ្ញា​បាន​ចែក​រំលែកថា នឹងចាប់យកការសិក្សាលើ «ជំនាញផ្នែកពាណិជ្ជកម្ម ផ្សារភ្ជាប់ជាមួយ​ព័ត៌មាន​វិទ្យា​ (IT)»។ ការសម្រេចចិត្តជ្រើសរើសជំនាញចម្រុះនេះ គឺដើម្បីដើរឱ្យទាន់ការវិវត្ត និងការរី​ក​ចម្រើន​យ៉ាង​រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​សង្គម​ជាតិ​បច្ចុប្បន្ន។ លើសពីនេះទៀត កញ្ញា ក៏បានលើកឡើងនូវក្តីស្រមៃ​ដ៏​ធំមួយ​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​ថា កញ្ញាចង់បង្កើត និងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនមួយ។

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធានអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានសម្តែង​នូវ​មោទន​ភាព​យ៉ាង​ជ្រាល​ជ្រៅចំពោះលទ្ធផលដែលសិស្សានុសិស្សសម្រេចបាន និងបានគូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់សាលាថា ភាពជោគជ័យនាថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា រវាងសិស្ស​ លោ​កគ្រូ អ្នកគ្រូ និងអាណាព្យាបាល។ សាលាតែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​គុណ​ភាព​អប់រំ បង្កើតបរិយាកាសសិក្សាដ៏ល្អ និងការតាមដាន​ការ​សិក្សា​របស់​សិស្ស​ម្នាក់​ៗ​យ៉ាង​ដិត​ដល់​។​ ជាពិសេស ស្របតាមទស្សនៈវិស័យរបស់សាលា គឺបណ្តុះប​ណ្តាល​សិស្ស​ឱ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​គុណធម៌ និងជាទំពាំងស្នងឬស្សីដ៏មានប្រសិទ្ធិភាពសម្រាប់សង្គមជាតិ។ 

 ដើម្បីជាការឆ្លើយតប និងអបអរសាទរចំពោះលទ្ធផលដ៏ឆ្នើមនេះ សាលាអន្តរជាតិ ចុងអ៊ីង ក៏​បាន​រៀប​ចំ​កម្ម​វិធីប្រគល់រង្វាន់លើកទឹកចិត្តយ៉ាងពិសេសជូនដល់ កញ្ញា តាំង ម៉ីអ៊ីង ក៏ដូចជាសិស្សានុសិស្ស​ដទៃទៀត។ ការផ្តល់រង្វាន់ជ័យលាភីនេះ មិនត្រឹមតែជាការទទួល​ស្គាល់​នូវ​ការ​ខិត​ខំប្រឹងប្រែង និងភាពឆ្លាតវៃរបស់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏ជាការបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់សាលា ក្នុងការគាំទ្រ ជំរុញ និង​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ សម្រាប់ជាទុនក្នុងការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia