Connect with us

ព័ត៌មាន

ក្រសួងចំនួនបីរួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ បើកកិច្ចប្រជុំលើកទី៧ ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្មនិងភូមិគំរូ

កិច្ចប្រជុំត្រី-វិស័យលើកទី៧ ត្រូវបានបើកឡើងរួមគ្នាដោយក្រសួងចំនួនបី និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើ​ប សហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដឹកនាំរបស់រដ្ឋមន្រ្តីចំនួន៣រូប រួមមាន៖​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំ ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍រួមមាន៖​ ធនាគារពិភពលោក(WB) អង្គការ(IFAD) និងធនាគារ(ADB) ក្នុងគោលបំណងដើម្បី៖ ១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាន នៅតាមសហគមន៍គោលដៅ និងការកំណត់ទិសដៅបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២)ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្រ្តត្រី-វិស័យ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរួមគ្នា​ក្នុងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកំណត់អាទិភាព​ ការដាក់នូវធនធានរួម​ មធ្យោបាយរួមឱ្យមានភាពបន្ស៉ីគ្នា សំដៅសម្រេចបាននូវទិសដៅរួមគ្នា​ ជួយលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យទទួលបានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត​ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា​ឱ្យកាន់តែមានភាពបុរេសកម្ម​ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia