Connect with us

ព័ត៌មាន

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ, លោកអភិបាល នៃគណៈអភិបាលស្រុកសំរោង, លោកមេឃុំរវៀង, អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងនៅតាមសាលារៀន។

ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវ ការផ្ដាំសួរសុខទុក្ខ និងការនឹករឭករបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមការងារ ក្នុងការចុះសិក្សា ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សា ដើម្បីកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោកអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការគាំទ្រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា ឱ្យកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា សាលារៀនដែលត្រូវបានចុះពិនិត្យ សិក្សា និងវាយតម្លៃទាំង៩នោះ រួមមាន៖

១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។

៤. សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៦. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ និង ១៩៩៨ អគារចំនួន ២ ខ្នង។

៧. សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។

៨. សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។

៩. សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។

ជាលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់ឱ្យចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ជាសាលារៀនអាទិភាព ដោយសារអគារសិក្សានៅទីតាំងនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុលកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia