ព័ត៌មាន
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
ក្រុមអតីតពលករ និងយុវជនរស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទទួលបានជម្រើសថ្មីសម្រាប់ការងារក្នុងស្រុក ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនពួកគេ។

យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជិត៦០០នាក់ បានស្វែងយល់ដឹង និងមានឱកាសទទួលបានការងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលបានរៀបចំធ្វើនៅខេត្តកោះកុង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួងកំពុងសម្របសម្រួលនាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ។
លោកបានបញ្ជាក់ថា ការងារក្នុងស្រុក អាចផ្តល់ស្ថិរភាពជីវភាព ការរស់នៅជួបជុំគ្រួសារ និងទទួលបានការការពារពី ប.ស.ស. លើហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ផ្ទុយទៅវិញ ការធ្វើចំណាកស្រុកអាចប្រឈមនឹងបញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរើសអើង។

ឯកឧត្តមលើកទឹកចិត្តប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈអ្នកដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស គួរជ្រើសរើសតាមរយៈក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីធានាសុវត្ថិភាព អត្ថប្រយោជន៍តាមច្បាប់ និងទទួលបានប្រាក់ឈ្នួលខ្ពស់។
ប្រជាពលរដ្ឋ ពិសេសយុវជនរស់នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា បានពេញចិត្តចំពោះការបង្កើតឱ្យមានវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ ដោយពួកគាត់កំពុងស្វែងរកការងារធ្វើ ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវភាពផងដែរ។
គួរជម្រាបថា ក្រសួងការងារ នៅតែបន្តពង្រឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅមូលដ្ឋានខេត្តកោះកុង តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី TVET ១,៥លាន។ កម្មវិធីនេះអនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋសិក្សាជំនាញដោយឥតគិតថ្លៃ ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡន ជាដើម។ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីជួយឱ្យប្រជាពលរដ្ឋ ទទួលបានជំនាញសមស្រប និងបង្កើនឱកាសការងារ៕ អត្ថបទ ឈឹម មករា








-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ