Connect with us

ព័ត៌មាន

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត

កំពង់ចាម៖ ឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង និងក្រុមការងារ ព្រមទាំង ប្រធាន អនុប្រធានបក្សឃុំ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុក​ជើង​ព្រៃ ​បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ រស់​នៅ​ក្នុងភូ​មិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុង​ឱកាសធ្វើសកម្មភាពមនុស្សធម៌ និងសំណេះសំណាលជាមួយពលរដ្ឋ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុំ វាសនា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជា​គណបក្ស​របស់​ប្រជា​ពលរដ្ឋ​ តែងរួមសុខរួមទុក្ខជាមួយពលរដ្ឋ ខិតខំកសាងប្រទេសជាតិ ឲ្យមាន​ការ​រីកចម្រើន ហើយ​មិន​ទុក​ពលរដ្ឋណាម្នាក់ឲ្យនៅឯកោ ឬខ្វះអាហារបរិភោគនោះទេ។

ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស តែងតែជំរុញដល់សមាជិកបក្ស ឬអាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិត​ខំ​ដោះ​ស្រាយ​រាល់​បញ្ហា​សំណូមពរ ឬកង្វល់របស់ពលរដ្ឋ ដើម្បីឲ្យពួកគាត់ បានរស់នៅដោយភាពកក់ក្ដៅ ក្រោម​ដំបូល​សុខសន្តិភាព។

គួរបញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនពលរដ្ឋ គឺគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥Kg, មីជាតិ ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន៥០០០០រៀល។ ដោយឡែកលោក ឆាយ ចន្ធី អនុប្រធានក្រុមការងារចុះជួយឃុំខ្នុរដំបង បានឧបត្ថម្ភរទេះរុញ សម្រាប់​ជន​ពិការ​ភាពមួយ​គ្រឿង។

បន្ទាប់ពីបញ្ចប់ការចែកចំណោយ ដល់គ្រួសារក្រីក្ររួច ឯកឧត្តមប្រធានក្រុមការងារ និងសហការី សមាជិក សមាជិកា បានចុះសួរសុខទុក្ខ លោក នៅ ជឿន ជាអនុប្រធានក្រុម​ការងារ​ថ្នាក់​ស្រុក​ចុះ​ជួយ​ឃុំ​ខ្នុរដំបង ដែលទើបនឹងវះកាត់ឆ្អឹងខ្នងរួច ហើយក៏បានចូលរួមកម្មវិធីបុណ្យគម្រប់ខួប ៣ឆ្នាំរ​បស់​ម្ដាយគាត់ផងដែរ។ ក្នុងការសួរសុខទុក្ខនោះផងដែរ លោក ប៊ុន វត្ថា អនុប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះជួយឃុំខ្នុរដំបង បានឧបត្ថម្ភដល់លោក នៅ ជឿន ចំនួន ១០០ដុល្លា សម្រាប់​ព្យាបាលជំងឺ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia