Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុង បាឋកថាជាស៊េរី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦នេះថា «វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និង​បទ​ពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន[…] ដើម្បីបំពេញបន្ថែមជាមួយថាមពល និង​នវានុវត្តន៍​របស់​ថ្នាក់​ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានា​អនាគត​ប្រទេស​ជាតិ»។

នេះជាការថ្លែងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកា​បើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថាបទពិសោធ និង​ពុទ្ធិ​របស់​ថ្នាក់​​ដឹក​នាំជាចាស់ទុំ គឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះ​ត្រា​តែ​យើង​ទទួលបានឱកាស ដើម្បីស្តាប់ និងរៀន សូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។ ការចែករំលែកនូវបទពិសោធជាក់ស្តែងនេះ ពិសេសមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រង ការដឹកនាំ និង​ការ​ដោះ​ស្រាយបញ្ហា បានផ្តល់ឱកាសដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ បានដឹងឮ និង​សន្ទនា​ដោយ​ផ្ទាល់ ពាក់ព័ន្ធនឹងដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា វេទិកានេះជាការបណ្តុះមនសិការ និងការដឹងគុណ ក៏ជា​យន្តការ​សម្រាប់​ដាស់​តឿន ​ស្មារតីយុវជនជំនាន់ក្រោយឱ្យបានយល់ច្បាស់អំពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ក្នុង​បុព្វ​ហេតុ ​គណបក្ស ជាតិ និងប្រជាជន ព្រមទាំងជាការចូលរួមពង្រឹងទស្សនៈឯកភាពបក្ស តាមរ​យៈ​ការ​ផ្សារ​ភ្ជាប់អន្តរជំនាន់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីពង្រឹង​ការ​យល់​ដឹង ការចែករំលែក និងសាមគ្គីភាពអន្តរជំនាន់ សម្រាប់ការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាល បំផុស​គំនិត និងផ្ទេរ បន្តទៅអ្នកបន្តវេនជំនាន់ក្រោយតទៅមុខរបស់គណបក្ស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia