Connect with us

ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើររដ្ឋបាលរាជធានីភ្នំពេញរៀបចំសន្តិសុខ និង​សណ្តាប់​ធ្នាប់​បាន​យ៉ាង​ល្អនៅ Walk Street

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាន​អញ្ជើញ​ដើរ​កម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។

ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែ​កញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅ​លេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេច​បាន​កោត​សរសើរ​សាលា​រាជ​ធានី​ភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។

សម្តេចធិបតី បានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំបាន​នាំ​ភរិយា និង​កូន​មក​លេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោង​ទៅ​សម្ពោធ​ទី​នោះ​ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ»។

សម្ដេច​បានមានប្រសាសន៍បន្តថា៖«ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំង​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ​បរទេស​បាន​មក​លេង​កម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត»។

ក្នុង​ឱកាសនោះ សម្ដេចធិបតី ក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោក អ៊ំ ពូ មីង បង​ប្អូន ក្មួយៗ សម្រាប់រូបសម្ដេច ព្រមទាំងភរិយា និងកូន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia