Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងដោយការទទួលខុសត្រូវតាមច្បាប់ និង​គោរព​សិទ្ធិអ្នកដទៃ

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍​បញ្ជាក់​តាមរយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សេរីភាពនៃការបញ្ចេញ​មតិ​ត្រូវ​ធ្វើ​ឡើង​ប្រកប​​ដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ។​ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក។

ឆ្លើយតបចំពោះការលើកឡើងអំពីសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយនៅកម្ពុជា ក៏​ដូច​ជា​ដើម្បី​ចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយគុណភាព ឯកឧត្តម ប៉ែន បូណា បាន​បង្ហាញនូវមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងក្នុងក្របខណ្ឌជាតិ និង​អន្តរជាតិក្នុងនោះ មានដូចជា៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរី​ភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការ​បោះពុម្ព​ផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិ​ន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឱ្យប៉ះពា​ល់​ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់​ធ្នាប់​សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

ចំណែក​មាត្រា១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា៖ ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះតម្រូវឱ្យមានករណីយកិច្ច និង​ការ​ទទួល​ខុសត្រូវពិសេស។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ដូច្នេះការប្រើប្រាស់​សិទ្ធិ​នេះ​អា​ច​មាន​កា​រ​រឹត​ត្បិត​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​ដាច់ខាតដោយច្បាប់និងដែលចាំបាច់ដើម្បី៖(ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ)​ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ ។

ដោយឡែក មាត្រា២៩ (២) នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សចែងថា៖ ក្នុង​ការ​ប្រើ​សិទ្ធិ​សេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុង​គោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញ​សេចក្ដី​ត្រូវ​ការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាព​ទូទៅ​នៅក្នុ​ង​សង្គមប្រជាធិបតេយ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានា​ការ​ពារ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ក៏​ដូច​ជា​កតិកាសញ្ញាអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដូចបាន​លើក​ឡើង​ខាង​លើ ពោលគឺសេរីភាពនៃការបញ្ចេញមតិ​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដោយ​គោរព​ច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈនិងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំងពិភពលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia