Connect with us

ព័ត៌មាន

កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្ស

កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិក ក្នុងចំណាត់ថ្នាក់លេខ៣ អំពី​ស្ថាន​ភាព​អំពើ​ជួញ​ដូរ​មនុស្ស ដោយបានហៅ​ការ​វាយ​តម្លៃ​នេះ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការ ដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។ ជាក់​ស្តែង​ឆ្នាំ​២០២៦នេះ គឺជាឆ្នាំទី៥​ហើយដែល​កម្ពុជា​ទទួល​បាន​ការ​វាយ​តម្លៃ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់BTVថា ការវាយ​តម្លៃ​របស់​សហរដ្ឋ​អាម៉េរិក​មកលើកិច្ចខិតខំប្រឹងប្រែងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជា​រឿង​មិន​គួរ​កើត ព្រោះអ្វីដែលជាលទ្ធផល គឺបានឆ្លុះបញ្ចាំង​តែ​ជ្រុងម្ខាង​ដែល​ហៅ​ថា​ជា​ចំណុច​ខ្វះ​ខាត​។ កម្ពុជាក៏ដូចជាដៃគូប្រទេសពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដៃគូដែលធ្វើការជាមួយគ្នា ច្បាស់​ជាបានដឹងហើយថា​តើ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​និង​កំពុ​ង​ធ្វើ​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ គឺអាចមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ចំពោះការបង្ក្រាប ការដាក់ទោសទណ្ឌ និងផ្តន្ទាទោស គឺត្រូវបានធ្វើជាបន្តបន្ទាប់ទៅតាមវិស័យតុលាការ។ ហើយកិច្ចការពារជនរងគ្រោះក៏ដូចគ្នាដែរ គឺបានទទួលឧបត្ថម្ភគាំទ្រជនរងគ្រោះដោយមិនប្រកាន់ជនជាតិខ្មែរ ឬបរទេសនោះទេ ពោលគឺឲ្យតែរងគ្រោះដោយអំពើជួញដូរមនុស្ស គឺអនុវត្តនូវគោលការណ៍រួមដែលបានរៀបចំ ហើយក៏មានការកំណត់អត្តសញ្ញាណប្រគល់ភារកិច្ចទៅឲ្យនគរបាលយុត្តិធម៌នៅក្នុងការកំណត់បទល្មើស និងជនល្មើស ដើម្បីតាមបង្ក្រាប ឬក៏នាំខ្លួនយកមកផ្តន្ទាទោស និងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia