Connect with us

ព័ត៌មាន

ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង

ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ, ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯករំពឹងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានេះបានលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍ ដឹកនាំប្រទេសរវ៉ាន់ដាផងដែរ។

ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា បានបង្ហាញការចាប់អារម្មណ៍បែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសឯកឧត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូវហ្វូនីលើកទី២០ នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានលើកឡើងថា ដំណើររបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា ជាពិសេសការផ្ដល់តម្លៃដល់សហគមន៍ហ្រ្វង់កូហ្វូនី។

សម្ដេចតេជោ មានប្រសាសន៍បន្ថែម សាវតារនៃប្រទេសរវ៉ាន់ដា និងកម្ពុជា មានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយសម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតី រវ៉ាន់ដា ក៏មានប្រវត្តិតស៊ូ កំសត់ប្រហាក់ប្រហែលគ្នាផងដែរ។ សម្ដេចតជោ សង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅក្នុងប្រទេសកម្ពុជា នាពេលនេះនឹងរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាព រវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី រវ៉ាន់ដា បានសម្ដែងនូវការអគុណជាអនេកប្បការចំពោះការបដិណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សម្ដេចតេជោ ចំពោះឯកឧត្តមប្រធានាធិបតីនាពេលនេះ។ ឯកឧត្តម បានលើកពីក្ដីរីករាយដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តម បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ, ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯកឧត្តមលើកឡើងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានេះ នឹងលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍ ដឹកនាំប្រទេសរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្រ្ដរបស់កម្ពុជាក៏ដូចជាប្រវត្តិរបស់ឯកឧត្តមផ្ទាល់ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដែលអាចឈ្វេងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា។

ឯកឧត្តមលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ មន្រ្ដី និងក្រុមការងាររបស់ឯកឧត្តម ក៏បានជួបជាមួយភាគីកម្ពុជា ហើយឯកឧត្តមផ្ទាល់នឹងជជែកដើម្បីស្វែងរកនូវការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី រវ៉ាន់ដា នៅក្នុងឱកាសនេះ។ សម្ដេចតេជោ ក៏បានគាំទ្រចំពោះប្រទេសទាំងពីរ ដែលគ្រោងនឹងចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា កិច្ចព្រមព្រៀងរវាងរវ៉ាន់ដា និងកម្ពុជា ដែលនឹងត្រូវចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៍ាមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាដើម ដោយសម្ដេចបានសគត់សម្គាល់ថា ប្រទេសទាំងពីរដែលជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា អាចមានឱកាស និងយល់ពីគ្នាច្រើន ដើម្បីស្វែងរកកាលានុវត្តភាពនៃប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia