ព័ត៌មាន
ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បានទៅដើរលេងកម្សាន្តតាមរម្មណីយដ្ឋាននានានៅខេត្តមណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក
មណ្ឌលគិរី៖ ក្នុងឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១២៧,៧១៨ដងនាក់ ដែលមានការកើនឡើងរហូតដល់ ៧៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ។
បើតាម លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១២ម៉ឺននាក់នោះ មានភ្ញៀវទេសចរជាតិចំនួន ១២៧,៤៥៩ដងនាក់ កើនឡើង ៧៤,០២% និងភ្ញៀវទេសចរបរទេសមានចំនួន ២៥៩ដងនាក់ ថយចុះ ៤១,៩២% បើធៀបនឹងឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបត្រឹមតែ ៧៣,៦៨៩ដងនាក់ប៉ុណ្ណោះ។
អ្វីដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តមណ្ឌលគិរីកើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារអាកាសធាតុនៅតំបន់ភ្នំចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ល្អ គួបផ្សំជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងរមណីយដ្ឋានធម្មជាតិស្អាតៗជាច្រើនកន្លែង។ ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា តំបន់វាលស្មៅ ជ្រលងភ្នំ និងកន្លែងបោះតង់នានា គឺជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងថតរូបលេងទុកជាអនុស្សាវរីយ៍។
ដោយសារភ្ញៀវទៅលេងច្រើនពេក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកកន្លងទៅ ធ្វើឱ្យបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងរីសតនានាក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវកក់ពេញអស់ស្ទើរគ្រប់កន្លែង រហូតដល់ភ្ញៀវខ្លះត្រូវជ្រើសរើសការបោះតង់សម្រាកនៅតាមតំបន់ធម្មជាតិជំនួសវិញ។ ជាមួយគ្នានេះ នៅតាមទីប្រជុំជន តំបន់ផ្សារ និងផ្លូវសំខាន់ៗក្នុងក្រុងសែនមនោរម្យ ក៏មានរថយន្តភ្ញៀវទេសចរធ្វើដំណើរយ៉ាងច្រើនបន្តកន្ទុយគ្នា រហូតមានការកកស្ទះចរាចរណ៍នៅតាមកន្លែងខ្លះទៀតផង ដោយមានកម្លាំងសមត្ថកិច្ចចុះជួយសម្រួលជាប់ជាប្រចាំ ។
ក្រៅពីនេះ តាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរផលិតផលក្នុងស្រុកនានា ក៏មានភ្ញៀវចូលហូបចុក និងទិញឥវ៉ាន់យ៉ាងច្រើនកុះករផងដែរ ដែលធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសប្បាយរីករាយយ៉ាងខ្លាំង ព្រោះរកចំណូលបានច្រើនជាងថ្ងៃធម្មតា។
គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរដ៏ច្រើននាឱកាសបុណ្យអុំទូកនេះ ក៏មានការរួមចំណែកយ៉ាងសំខាន់ពីការជួយផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍ក្បួនរថយន្ត «ឦសាន Overland លើកទី៣» ជាង ៥០០គ្រឿង ដែលបានធ្វើដំណើរមកបោះតង់លេងនៅខេត្តមណ្ឌលគិរី ក្នុងរដូវកាលបុណ្យអុំទូកផងដែរ៕អ៊ិត ភីរុណ













-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត