Connect with us

ព័ត៌មាន

កសិករក្រុងសំរោង​ដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បាន​បន្ត​រស់​នៅ​ក្នុង​ភូមិឋាន ​និងបង្កបង្កើនផលឡើង​វិញ ដើម្បីជីវភាព និងធ្វើជារបងការពារព្រំដែន

​កសិករនៅក្រុងសំរោងមួយចំនួន ដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បាន​នាំ​ក្រុម​គ្រួសារ​វិលត្រឡប់ទៅកាន់លំនៅឋាន ដើម្បីប្រមូលផលស្រូវ និង​ធ្វើ​ជា​របង​ការពារ​ព្រំដែន​ទឹក​ដី​ដូនតា។

កសិករ​រស់​នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រាប់ BTV ថា ពួកគាត់ បាន​សម្រេច​ចិត្ត​នាំ​ក្រុមគ្រួ​សារ​ត្រឡប់ពីជម្រកភៀសសឹក មកកាន់ភូមិឋានវិញ ដោយជម្នះ​ភាព​ភ័យ​ខ្លាច ​ដើម្បីប្រមូលផលស្រូវ ដែលបានដាំដុះកាលពីខែឧសភា និងដាំដំណាំឡើងវិញ។ បើទោះបី មាន​បទ​ឈប់បាញ់ និងកិច្ចព្រមព្រៀមរវាងកម្ពុជានិងថៃរយៈពេលជិត១ឆ្នាំហើយក៏ដោយ ពួក​គាត់​នៅ​តែ​មាន​ភាពភ័យខ្លាច បារម្ភខ្លាចថៃឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ទៀត ហើយការ​វិល​មក​កាន់​លំនៅឋា​នវិ​ញនាពេលនេះ ក៏ដើម្បីធ្វើជារបងការពារព្រំដែន ទឹកដីដូនតាផងដែរ កុំឱ្យ​យោធា​ថៃ​បន្ត​ឈ្លាន​ពាន​រំលោភចូលជ្រៅមកក្នុងទឹកដីកម្ពុជា ហើយក៏ស្របពេលដែល​អាជ្ញាធរ​បាន​អនុញ្ញា​ត​អោយ​ពលរដ្ឋអាចវិលត្រឡប់មកកាន់លំនៅឋាន និងធ្វើស្រែចំការវិញបាន ចំពោះ​តំបន់​ដែល​ពិនិត្យ​មើល​ថាមា​នសុវត្ថិភាព។

លោក ពាង ឡឹក រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​ ប្រាប់ថា លោក​នាំ​គ្រួសារមករស់នៅភូមិវិញ កាលពីខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរ​បោស​សម្អាត​គ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីការឈ្លានពាន របស់យោធាថៃ។ លោកប្រាប់ថា កសិករ​ពឹងលើស្រែ ចម្ការ ម្លោះហើយត្រូវតែមកវិញ ដើម្បីបង្កបង្កើនផលផង ដើម្បីការពារ​ភូមិ​ឋាន​ផង​។

លោក ពាង ឡឹកបានលើកឡើងយ៉ាងដូច្នេះថា ​«​ខ្ញុំ​និង​គ្រួសារ​មក​ភូមិវិញកាលពីមេសា បន្ទាប់​ពី​អាជ្ញាធរ​ប្រាប់​ថា ​អាចមកវិញបាន។ ខ្ញុំមកនៅតែភ័យខ្លាច តែបើមិនមកមិនបានទេ ព្រោះយើងអ្នក​ស្រែក​ទុក​ស្រែកចម្ការចោលមិនកើត ទៅថ្ងៃមុនវាអត់មានអី។ ហើយបើយើងមិនមក ស្ងាត់ភូមិ​វា​ក៏អាច​មក​យក​ដីយើងដែរ អញ្ចឹងហើយទោះខ្លាចក៏ត្រូវតែមកវិញ»។

លោក ពេញ មាន រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ប្រាប់ថា លោក​​មកវិញបន្ទាប់ពីមានបទឈប់បាញ់។ លោកថា ការវិលមកវិញគឺជម្នះភាពភ័យខ្លាច តែ​ក៏​ជឿ​ជាក់​​លើ​​កងទ័ព និងអាជ្ញាធរដែរ ព្រោះអាជ្ញាធរចុះតាមមូលដ្ឋានជាប់ជានិច្ច។ លោកថា ការ​វិល​មក​វិញ​នេះ​ចិត្តខ្លាច តែហាន ហានមកវិញការពារដីធ្លី ផ្ទះសម្បែង ពីព្រោះពេលមាន​មនុស្ស​នៅ​ច្រើន​ថៃ​ក៏​មិន​ហានឈ្លានពានមកយកដីរបស់ពលរដ្ឋនោះដែរ។

លោក ពេញ មាន មានប្រសាសន៍ថា «មកវិញនេះក៏នៅតែខ្លាចដែរ ព្រោះយប់ខ្លះ ថៃ​បាញ់​កាំភ្លើង​ចេតនា​បង្អើលយើង។ តែខ្ញុំមិនរត់ទេ ព្រោះអាជ្ញាធរគាត់មកសួរសុខទុក្ខរហូតដែរ បើមានស្ថាន​ការណ៍​មិន​ស្រួលអីគាត់ជួយហើយ។ អញ្ចឹងហើយខ្ញុំទោះខ្លាច តែក៏ហាននៅផ្ទះ ព្រោះនេះជាផ្ទះខ្ញុំ ដីខ្ញុំ យើងមកនៅផ្ទះយើងវិញ នៅការពារដីយើង»។

ទឹកចិត្តមោះមុតរបស់កសិករ នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឆ្លុះ​បញ្ចាំ​ងឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្មារតីស្នេហាជាតិ និងទឹកចិត្តក្លៀវក្លា មិនចុះញ៉មចំពោះការគំរាមកំហែង ពីសត្រូវ​ឈ្លាន​ពាន​ ដើម្បីឈរជារបងការពារដីធ្លី ផ្ទះសម្បែង ទឹកដីនដូនតា។

សូមជម្រាបជូន ថា ការឈ្លានពានពីយោធាថៃ ចំនួន ២លើក កាលពីឆ្នាំ២០២៥ បាន​ប​ង្ក​ឱ្យ​ពលរដ្ឋ​នៅក្នុងខេត្តឧត្ដរមានជ័យ ចំនួន ៨៨២គ្រួសារទៀត ស្មើរពលរដ្ឋចំនួន ៣,៣៦៥នាក់ មក​ពី​ក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ត្រូវជម្លៀសទៅកាន់ជម្រកភៀសសឹក និង​មិន​ទាន់​អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន និងត្រូវបានរៀបចំ ឱ្យរស់នៅក្នុង​ផ្ទះ​បណ្តោះ​អាសន្ន ​«ភូមិស្រះកែវចងចាំ»ស្រុកចុងកាល់ ដោយរាជរដ្ឋាភិបាល ផ្ដល់ជូនផ្ទះ និងរៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ព្រមទាំងផ្ដល់កិច្ចគាំពារចាំបាច់នានា។ ហើយរាជរដ្ឋាភិបាល បាន​បន្ត​តវ៉ា​គ្រប់​យន្ដការច្បាប់អន្តរជាតិ ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេថៃ ដោយ​សន្តិ​វិធី​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និងទាមទារដីដែលថៃ រំលោភបំពានត្រឡប់មកវិញ ដោយប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំង​ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី ដោយប្រើកងកម្លាំង​៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia